(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ដើម្បីឈានដល់ការបង្រ្កាបកុំឲ្យគ្រឿងញៀនចរាចរណ៍នៅក្នុងសហគមន៍របស់យើង។
ការថ្លែងអំពានាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចុះផ្សព្វផ្សាយ បិទផ្ទាំងរូបភាព និងចែកខិតប័ណ្ណប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រគល់ម៉ូតូជូនអនុប្រធានលេខាធិការដ្ឋានទទួលបន្ទុកគ្រឿងញៀនចំនួន១ គ្រឿងអនុប្រធាន BLO ចំនួន១គ្រឿងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ។
នៅក្នុងឱកាសនោះដែរលោក ប៉ែន កុសល្យ បានថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានខិតខំអនុវត្តនាពេលកន្លងមក។ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា គ្រឿងញៀន ជាបញ្ហាប្រកបដោយគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប ដែលកំពុងតែរាលត្បាតនៅពាសពេញប្រទេសកម្ពុជា ហើយបានបង្កនូវគ្រោះមហន្តរាយ ជាច្រើនចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី និងកុមារខ្មែរយើង។
ជាមួយគ្នានោះលោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនូវពាក្យស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន «បីកុំ មួយរាយកាណ៍»
*កុំពាក់ព័ន្ធ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន
*កុំអន្តរាគមន៍៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬ មិត្តភក្កិក៏ដោយ
*កុំលើកលែង៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់។
មួយរាយការណ៍៖ ត្រូវរាយការណ៍ ផ្តលព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច៕