(ភ្នំពេញ)៖ ការដោះស្រាយលើបញ្ហាផ្លូវថ្នល់ បរិស្ថាន អនាម័យ សំរាម ប្រឡាយ លូ លំនៅដ្ឋាន និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ គឺជាកាតព្វកិច្ច និងភារកិច្ចដ៏ចម្បងរបស់អាជ្ញាធរមានសមត្ថិច្ច រាប់ទាំងអាជ្ញាធរថ្នាក់មូលដ្ឋានឡើងទៅ ដែលត្រូវយកចិត្តទុកដាក់បំពេញតួនាទី និងអនុវត្តឱ្យឆ្លើយតបទៅតាមតម្រូវការនៃបរិយាកាសសង្គមដែលកំពុងមានការអភិវឌ្ឍ។
ជាក់ស្តែងរដ្ឋបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០២០ សំរាប់សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២ ដើម្បីបង្កើតឡើងនូវវប្បធម៌នៃការពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ព្រមទាំងបានដោះស្រាយនូវបញ្ហាចំពោះមុខដែលកង្វល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មុននឹងទទួលយកនូវ សំណួរ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានរាយការសង្ខេបពីលទ្ធផល និងសមិទ្ធផល ដែលរដ្ឋបាលខណ្ឌបានអនុវត្តក្នុងឆ្នាំ២០១៩កន្លងទៅ ក៏ដូចជាប៉ុន្មានខែដើមឆ្នាំ២០២០ ទាំងសកម្មភាពការងារ ការការពារ និងសន្តិសុខនយោបាយ ការបង្រ្កាប ទប់ស្កាត់បទល្មើសនានា ក៏ដូចជាការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
លោកបន្ថែមថា នៅឆ្នាំ២០២០ រដ្ឋបាលខណ្ឌក៏មានគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលត្រូវធ្វើ ដូចជាការជីកកប់បណ្តាញលូថ្មី ការស្តារប្រឡាយ លូ ការជួសជុលបណ្តាញផ្លូវថ្នល់មួយចំនួន ក្នុងមូលដ្ឋាននិងការងារបំរើការបោសសំអាតដីខ្សាច់ បរិស្ថាន ជាដើម។ ក្នុងវេទិកានោះផងដែរ ប្រជាពលរដ្ឋ បានលើកជាសំណូមពរ និងមតិយោបល់ រួមមានសំណួរផ្ទាល់មាត់ ០៨សំណួរ និងសំណួរសរសេរ ចំនួន ៣៥សំណួរ។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចាត់ទុកសំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋទាំងអស់ គឺជាកញ្ចក់ សម្រាប់ឆ្លុះបញ្ចាំងពីសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌ ដែលបានអុវត្តកន្លងមក ក៏ដូចបញ្ហាឆកល្វែងមួយចំនួនត្រូវកែសម្រួល និងបន្តធ្វើសកម្មភាពឱ្យបានល្អថែមទៀត ដើម្បីឆ្លើយតបនឹងបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ មានសំណើ និងសំណូមពរមួយចំនួន ត្រូវបានដោះស្រាយជូនជាបន្ទាន់ និងសំណើរមួយចំនួនទៀត ក៏ត្រូវទុកលទ្ធភាពជូនមន្រ្តីជំនាញចុះពិនិត្យនិងសិក្សាឱ្យបានច្បាស់លាស់ ទៅតាមលទ្ធភាពជាក់ស្តែងដែលរដ្ឋបាលខណ្ឌអាចទៅរួច។
គួរបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌនេះធ្វើឡើង ក្រោមវត្តមានលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌ ចៅសង្កាត់ នាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ អធិការរងនគរបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ-អង្គភាព លោក-លោកស្រីក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលសង្កាត់ ស្មៀន មេភូមិ និងប្រជាពលរដ្ឋ៕