(ភ្នំពេញ)៖ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបានជួបវិបត្តិជំងឺកូវីដ-១៩នេះ មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅទូទាំងប្រទេសចំនួន ៦១គ្រឹះស្ថាន បានខិតខំកែខៃឧបសគ្គដែលកើតចេញពីវិបត្តិនេះ រៀបចំផ្លាស់ប្ដូរមកជាការបណ្ដុះបណ្ដាលពីចម្ងាយតាមប្រព័ន្ធអនឡាញវិញ ដោយអនុវត្តបានយ៉ាងខ្ជាប់ខ្ជូនតាមក្រសួងសុខាភិបាល។
នេះជាការបញ្ជាក់របស់លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភាកិច្ចនាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មកសិកម្ម ក្នុងនោះលោក ជិន តារ៉ា ត្រូវបានតែងតាំងជានាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មថ្មី ជំនួសលោក មាន់ សំអឿន ដែលត្រូវបានទទួលភារកិច្ចថ្មី។
នាឱកាសនោះ លោក ពេជ សោភ័ន បានថ្លែងថា ក្រសួងការងារបានជំរុញឱ្យគ្រឹះស្ថានទាំងអស់រៀបចំធ្វើការបណ្តុះបណ្តាលពីចម្ងាយ (Online) ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យា និងវិវឌ្ឍខ្លួនឱ្យទាន់សម័យកាល។ គិតត្រឹមខែកក្កដានេះ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានបណ្តុះបណ្តាលពីចម្ងាយសរុបចំនួន ៦១គ្រឹះស្ថាន ក្នុងនោះគ្រឹះស្ថានសាធារណៈចំនួន ៣៤ គ្រឹះស្ថានឯកជនចំនួន ១៧ និងអង្គការសមាគមចំនួន ១០។
លោកបានលើកឡើងបន្តថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យ TVET ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀត ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការបង្កើនចំណេះដឹង ជំនាញ ឥរិយាបថការងារ សីលធម៌ វិជ្ជាជីវៈ ផលិតភាពការងារ និងសមត្ថភាពសម្រាប់ការបង្កើតមុខរបរ និងការបង្កើនឱកាសការងារក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងការប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងបន្តក្លាយទៅជាប្រទេសអភិវឌ្ឍន៍ នាឆ្នាំ២០៥០។
លោកបានបញ្ជាក់ថា តាមស្ថានភាពបច្ចុប្បន្នកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ពិតជាកំពុងជួបការលំបាកក្នុងការសម្រេចឱ្យបាននូវផែនការដែលបានដាក់ចេញ ដោយសារផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩ ដែលជាក្តីកង្វល់របស់ពិភពលោក។
លោកបានបន្ថែមថា ទោះបីជាមានបញ្ហាខាងលើ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មិនបានបន្ថយល្បឿននៃការងារកែទម្រង់ និងអភិវឌ្ឍរបស់ខ្លួនទេ។ ផ្ទុយទៅវិញ ចាត់ទុកកាលៈទេសៈនៃវិបត្តិនេះជាកាលានុវត្តភាពសម្រាប់ជំរុញកិច្ចការកែទម្រង់មុតស្រួចឱ្យកាន់តែសកម្មឡើងថែមទៀត សំដៅឆ្លើយតបទៅនឹងវិបត្តិផង និងសម្លៀងសម្រួចភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ដើម្បីជំរុញធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនប្រកបដោយចីរភាពសម្រាប់រយៈពេលវែងផង។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានរៀបចំដាក់ចេញនូវវិធានការចម្រុះចំៗ ទាំងវិធានការខាងរដ្ឋបាល វិធានការខាងសុខាភិបាល និងវិធានការខាងសង្គម-សេដ្ឋកិច្ច សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផង និងជួយរក្សាលំនឹងអាជីវកម្មក្នុងវិស័យមួយចំនួន ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ និងជួយសម្រាលបន្ទុកដល់ជីវភាពរបស់កម្មករ-និយោជិត និងប្រជាជនក្រីក្រងាយរងគ្រោះផង ដែលមកដល់ពេលនេះកម្ពុជាសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ ហើយរាជរដ្ឋាភិបាលក៏បន្តជំរុញការអនុវត្តជាប់មិនដាច់នូវកម្មវិធីកែទម្រង់នានា ដែលត្រូវបានដាក់ចេញនាពេលកន្លងមក គួបផ្សំជាមួយនឹងការដាក់ចេញបន្ថែមនូវវិធានការកែទម្រង់មុតស្រួចជាប្រព័ន្ធប្រទាក់ក្រឡាគ្នា សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងដំណាក់កាល និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
លោកមានសុទ្ទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់លោកនាយកថ្មីនេះ ថ្នាក់ដឹកនាំ បុគ្គលិក និងគ្រូបង្រៀនទាំងអស់នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនេះ នឹងមានការបេ្តជ្ញាចិត្តខ្ពស់ប្រកបដោយភាពទទួលខុសត្រូវ និងលះបង់ពេលវេលា ទាំងកម្លាំងកាយ និងកម្លាំងចិត្តខិតខំបំពេញបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនក្រសួង ក៏ដូចជាជូនរាជរដ្ឋាភិបាល៕