(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំគាំទ្រអនុវត្តគម្រោងនៅថ្នាក់ក្រោមជាតិ របស់ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២(LASED-II) នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ាអុនម៉ាអូនណាត ប្រធានសម្របសម្រួលគម្រោងឡាលសិត២ ថ្នាក់ជាតិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក គង់ សុវណ្ណអស្ចារ្យ នាយករងរដ្ឋបាលសាលាខេត្ត ក្រុមការងារ គ.ជ. អ.ប, ក្រុមការងារ LASED-II ខេត្ត, មន្ទីរ អង្គភាព, អភិបាល ស្រុក មេភូមិ មេឃុំ រួមជាមួយនឹងជំនួយការឃុំ និងមន្ត្រីសម្របសម្រួលកសិកម្មឃុំ (CDAF) សមាសភាពចូលរួមសរុបមានចំនួន ៣៣នាក់។
គោលបំណងសំខាន់ៗនៃបេសកកម្មនេះ រួមមាន៖
* ដើម្បីតាមដាន និងជំរុញការងារអនុវត្តផែនការសកម្មភាព និងថវិការបស់គម្រោង នៅតាមខេត្តគោលដៅនីមួយៗ ដើម្បីធានាបានទាំងប្រសិទ្ធភាព និងប្រសិទ្ធផល ដោយស្វែងរកជម្រើស និងវិធីសាស្ត្រនានា ដើម្បីពន្លឿនដំណើរការអនុវត្តសកម្មភាព។
* ក្នុងនោះដែរក៏មានគោលបំណងជាក់លាក់ក្នុងការត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមការងារគម្រោង នៅក្នុងឆ្នាំ២០២០។
* កំណត់ និងជំរុញការរៀបចំផែនការជាក់លាក់អនុវត្តសកម្មភាពដែលមាននៅសេសសល់ក្នុងឆ្នាំ២០២០ ឱ្យបានចប់សព្វគ្រប់ និងទាន់ពេលវេលា។
* ពិភាក្សាលើផែនការថវិកាសម្រាប់អនុវត្តគម្រោងប្រចាំឆ្នាំ២០២១ ដើម្បីបិទកញ្ចប់សកម្មភាពគម្រោងនៅត្រឹមខែមិថុនា ឆ្នាំ២០២១ ខាងមុខ ឬកំណត់សកម្មភាពជាជម្រើស ក្នុងករណីគម្រោងអាចពន្យារពេលកាលបរិច្ឆេទបិទកញ្ចប់៕