(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករបង្កើនការចិញ្ចឹមត្រី ឬកង្កែប សម្រាប់ហូបចុក និងឈានទៅលក់ដូរ ដើម្បីរកចំណូលទ្រទ្រង់ជីវភាព។
ក្រោយទទួលបានការណែនាំនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈរដ្ឋបាលជលផល ដែលជាសេនាធិការទទួលបន្ទុកការងារនេះ បាននិងកំពុងខិតខំផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋអំពីជំនាញ និងបច្ចេកទេសមួយចំនួន ពិសេសខេត្តគោលដៅមួយចំនួនដែលបានដាក់ចេញ នៅភូមិភាគឦសាន។
ទន្ទឹមនឹងការជំរុញចិញ្ចឹមត្រី និងកង្កែបនេះ ក៏មានការព្រួយបារម្ភខ្លាចប្រជាពលរដ្ឋចិញ្ចឹមច្រើនហើយចាលរកកន្លែងលក់មិនបានជាដើម។
តបនឹងក្តីបារម្ភនេះ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ប្រជាពលរដ្ឋកុំឲ្យមានការព្រួយបារម្ភអំពីតម្លៃ និងទីផ្សារ ព្រោះក្រសួងបានគិតគូរអំពីបញ្ហានេះរួចរាល់ហើយ អ្វីដែលសំខាន់ប្រជាពលរដ្ឋខ្លួនឯង ត្រូវខិតខំចិញ្ចឹមត្រី ឬកង្កែបឲ្យទទួលបានទិន្នផលល្អ។
ក្នុងសន្និសីទព័ត៌មានស្តីពីទីផ្សាររបស់កសិផលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោក អេង ជាសាន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលប្រមូលផល តម្លៃនឹងមិនមានការធ្លាក់ចុះនោះទេ ក្រសួងបានចាត់ចែងទៅតាមបច្ចេកទេស ពោលនឹងរៀបចំបែងចែកពេលវេលាគ្នា»។
លោកបានលើកជាឧទាហរណ៍ថា សម្រាប់ខេត្តគោលដៅនីមួយៗ ក្រសួងនឹងរៀបចំឲ្យប្រជាពលរដ្ឋចិញ្ចឹមបណ្ដាក់ៗគ្នា ពោលមិនដាក់ឲ្យចិញ្ចឹមម្ដងទាំងអស់នោះទេ ដូច្នេះហើយនៅពេលប្រមូលផលនឹងធ្វើជាបន្ដបន្ទាប់គ្នា។ លោកបានទទួលស្គាល់ដែរថា ប្រសិនបើក្រសួងមិនរៀបចំបែងចែកពេលវេលាគ្នានោះទេ ច្បាស់ណាស់នៅពេលប្រមូលផលម្ដងទាំងអស់គ្នា តម្លៃនឹងធ្លាក់ចុះជាមិនខានឡើយ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផលរូបនេះ បានកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យវារីវប្បកម្មនៅកម្ពុជាមានការកើនឡើង ប្រមាណ២០ភាគរយ។ ទិន្នផលនៅឆ្នាំ២០១៩កន្លងទៅនេះ ប្រមូលបាន ៣០៧៤០០តោន បានផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបាននាំចេញទៅប្រទេសជិតខាងមួយចំនួនផងដែរ។
លោក អេង ជាសាន ក៏បានអះអាងថា ទន្ទឹមនឹងការផុលផុសខ្លាំងនូវការចិញ្ចឹមត្រី និងកង្កែបនេះ រដ្ឋបាលជលផលក៏មានវិធានការ ដើម្បីទប់ស្កាត់ការនាំចូលពីប្រទេសជិតខាងផងដែរ។ ការទប់ស្កាត់ការនាំចូលពីប្រទេសជិតខាងជាផ្នែកមួយ ដើម្បីធ្វើយ៉ាងណាកុំឲ្យតម្លៃនៅក្នុងស្រុកមានការធ្លាក់ចុះនៅពេលប្រមូលផល ដែលអាចប៉ះពាល់ដល់ប្រយោជន៍របស់ប្រជាពលរដ្ឋ។
គួរជម្រាបថា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងសំណេះសំណាល ជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់កម្មករ-កម្មការិនី បម្រើការងារនៅក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលបានបាត់បង់ការងារ ងាកមកចិញ្ចឹមត្រី ហើយរាជរដ្ឋាភិបាល នឹងផ្ដល់ជូននូវដើមទុន។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនខ្លាចនឹងវិនិយោគជំរុញប្រជាពលរដ្ឋចិញ្ចឹមត្រីនោះឡើយ ព្រោះជាការផ្តល់ការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្ដេចនាយករដ្ឋមន្ដ្រី ជំរុញឲ្យក្រសួង ឬមន្ទីរកសិកម្ម បន្តការយកចិត្តទុកដាក់បន្ថែមទៀត ដូចជាបណ្តុះបណ្តាលជំនាញបន្ថែម ដល់ប្រជាកសិករ នូវបច្ចេកទេសចិញ្ចឹមសត្វ និងការផ្តល់សម្ភារបច្ចេកទេស និងឲ្យក្រសួងកសិកម្មគិតគូ ក្នុងការរៀបចំដីបង្កើតជាស្រះ សម្រាប់ជួយផ្គត់ផ្គត់ទឹកជូនប្រជាកសិករ៕