(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌល ដែលផ្តល់ការងារបណ្តុះបណ្តាលធនធានមនុស្សពហុចំណេះជំនាញ ដើម្បីបម្រើដល់ទីផ្សារការងារនៅកម្ពុជានាពេលអនាគត។
ការអះអាងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅក្នុងឱកាសដែលឱបនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលជាតិផ្តល់សេវា ព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដោយមានវត្តមាន ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា, ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅកម្ពុជា, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវ: និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះ នាខេត្តព្រះសីហនុ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈកម្មការកសាងមជ្ឈមណ្ឌលជាតិ បានរាយការណ៍ជូនពីវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌល មានហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ អាងចម្រោះទឹកស្អាតដើម។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្ថែមយ៉ាងដូច្នេះថា៖ «មជ្ឈមណ្ឌលជាតិនេះនឹងក្លាយជាមជ្ឈមណ្ឌល ដែលផ្តល់ការបណ្តុះបណ្តាលផលិតធនធានមនុស្សពហុចំណេះជំនាញបម្រើដល់ទីផ្សារ ការងារនៅកម្ពុជា និងសុំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យជួយផ្តល់សម្ភារបច្ចេកទេសកសិកម្ម សម្រាប់បណ្តុះបណ្តាលជំនាញកសិកម្មនៅមជ្ឈមណ្ឌលជាតិនេះ»។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាធ្វើការដាក់ឱ្យដំណើរនូវមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍នៅខេត្តព្រះសីហនុ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ដើម្បីបន្ថយកាត់បន្ថយភាពចង្អៀតណែន បង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មជ្ឈមណ្ឌលបណ្តោះអាសន្ននានា។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា ដោយមជ្ឈមណ្ឌលជាតិនេះមានការរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាលថៃ យើងនឹងដាក់ឱ្យមជ្ឈមណ្ឌលជាតិនេះដំណើរការស្របពេលខួបទី៧០ឆ្នាំ នៃចំណងមិត្តភាពសាមគ្គីភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់បណ្តាប្រទេសជាមិត្តដែលផ្តល់ជំនួយសាងសង់ និងបានកោតសរសើរចំពោះគណកម្មការកសាងមជ្ឈមណ្ឌលក្រសួងពាក់ព័ន្ធ ដែលបានរួមគ្នាកសាងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌល និងជាការលើកទឹកចិត្តឧបនាយករដ្ឋមន្ត្រី បានផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមជាង កម្មករដែលកំពុងបំពេញការងារ សាងសង់នៅមជ្ឈមណ្ឌលជាតិផងដែរ៕