(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ពីដំណាំអាទិភាពចំនួន៤ ដែលរាជរដ្ឋាភិបាលបានកំណត់ជាទំនិញអាទិភាពសម្រាប់បន្តចរចា និងនាំចេញប្រទេសចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចុះហត្ថលេខាដាក់ឲ្យដំណើរការជាផ្លូវការនោះ។
ការថ្លែងរបស់លោក ងិន ឆាយ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោកអគ្គនាយកបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សង្ឃឹមថាក្រោយពីយើងចរចាពាណិជ្ជកម្មសេរីជាមួយចិនហើយ មុខដំណាំដទៃទៀតនឹងហក់ឡើងទាំងផលិតកម្ម ទាំងការកែច្នៃ និងការនាំចេញ មានមៀនប៉ៃលិន យើងក៏កំពុងតែដាក់នៅក្នុងដំណាំអាទិភាព មានផ្លៃទុរេន មានដូងក្រអូប មានទឹកមាត់ត្រចៀកកាំ ជាមុខទំនិញមួយអាទិភាពសម្រាប់ទីផ្សារប្រទេសចិន»។
បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិនរួមមាន៖ អង្ករ ចំនិតដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក និងផ្លែស្វាយ។
លោក ងិន ឆាយ ក៏បានបញ្ជាក់ឲ្យដឹងថា បន្លែសិរីរាង្គក៏ជាមុខទំនិញដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ជំរុញការនាំចេញផងដែរ ដោយត្រូវកំណត់ទីផ្សារគោលដៅឲ្យសមនឹងមុខទំនិញ ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកររូបនេះ ក៏បានលើកឡើងពីកសិផលដែលនឹងត្រូវតម្រង់ទិញសម្រាប់ការនាំចេញផងដែរ ដែលមានអង្ករសិរីរាង្គ ពោធក្រហម ដំឡូងមី ខណៈដែលផ្លែចេកស្រស់របស់កម្ពុជាទទួលបានគាំទ្រយ៉ាងខ្លាំងពីប្រទេសចិន។
សូមជម្រាបថា របាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងថាក្នុងរយៈពេល៧ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើនមុខ ទៅកាន់ទីផ្សារអន្តរជាតិបានបរិមាណ ២,៦៨៩,៦៨៥តោន។
ផលិតផលកសិកម្មសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅក្រៅប្រទេស នៅរយៈពេល៧ខែនេះរួមមាន៖ អង្ករនាំចេញបានជិត៤៣ម៉ឺនតោន, ដំឡូងមីជាង១.៥លានតោន, គ្រាប់ស្វាយចន្ទី ជិត២០ម៉ឺនតោន, គ្រាប់ពោតជាង១៤ម៉ឺនតោន, ចេកស្រស់ជិត១៧ម៉ឺនតោន, ផ្លែស្វាយជិត៥ម៉ឺនតោន, ដូងប្រេងជាង៣ម៉ឺនតោន, ម្ទេសស្រស់ជាង៤ម៉ឺនតោន និងផលិតផលកសិកម្មផ្សេងៗទៀត។
ទីផ្សារកសិផលរបស់កម្ពុជាមានដូចជា៖ ចិន ថៃ វៀតណាម ឥណ្ឌា អឺរ៉ុប ជប៉ុន រុស្ស៊ី អូស្ត្រាលី និងប្រទេសមួយចំនួនទៀត៕