(ព្រះវិហារ)៖ អភិបាលរងស្រុកឆែប និងអភិបាលរងក្រុងព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី០៦ ខែសីហាឆ្នាំ២០២០នេះ ដោយលោក អ៊ុ សុភឿន ពីអភិបាលរងស្រុករវៀង មកជាអភិបាលរងស្រុកឆែប និងលោក នូ តារាមុន្នី ពីអភិបាលរងស្រុកត្បែងមានជ័យ មកជាអភិបាលរងក្រុងព្រះវិហារ។
ពិធីប្រកាសចូលកាន់តំណែងអភិបាលរងស្រុកឆែប ប្រព្រឹត្តឡើងក្រោមវត្តមានលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ និងលោកស្រី ចឹក ហេង អភិបាលខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
ក្នុងនាមក្រុមប្រឹក្សាខេត្ត លោក គោ ស៊ុប៊ុនសឿត និងលោកស្រី ចឹកហេង បានស្នើរដល់លោកអភិបាលរងស្រុកឆែប និងលោកអភិបាលរងក្រុងព្រះវិហារ ដែលបានប្រកាសចូលកាន់តំណែងនៅថ្ងៃនេះ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗរួមមាន៖ ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព និងមានការទទួលខុសត្រូវខ្ពស់ កសាងសមត្ថភាព និងការអភិវឌ្ឍន៍ខ្លួនឱ្យបានពេញលេញ ដើម្បីជួយការងាររដ្ឋបាលស្រុក ក្រុង ឱ្យកាន់តែល្អប្រសើរថែមទៀត ពង្រឹងរបៀបរបបបំពេញការងារ និងគណនេយ្យភាពផ្ទៃក្នុងខ្ពស់ ពិសេសគឺទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត ក្រុង ស្រុក។
ជាមួយគ្នានោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពិត្យមើលដីចំណីផ្លូវ ចៀសវាងមានជនឆ្លៀតឱកាសលួចរៀបចំធ្វើជាការ៉ាស់ឡាន ការ៉ាស់ប្រេង ផ្សារ និងទីតាំងផ្សេងៗចូលមកដីចំណីផ្លូវ ដែលជាហេតុបង្កឱ្យខូចសណ្តាប់ធ្នាប់ និងបង្ករគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕