(បន្ទាយមានជ័យ)៖ ពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ជនចាសជរាសរុបចំនួន ៥០គ្រួសារ រស់នៅសង្កាត់កំពង់ស្វាយ សង្កាត់អូរអំបិល សង្កាត់ទឹកថ្លា និងសង្កាត់ព្រះពន្លា នៃក្រុងសិរីសោភ័ណ ដែលទទួលរងផលប៉ះពាល់ដោយតែវិបត្តិកូវីដ-១៩ បានទទួលអំណោយសង្គ្រោះបន្ទាន់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ និងសប្បុរសជនមួយចំនួនផងដែរ។
ការចុះចែកអំណោយសង្គ្រោះនេះធ្វើឡើងនៅសាលាក្រុងសិរីសោភ័ណ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០។ ថ្លែងនាឱកាសនោះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋត្រូវបានដោះជាបន្តបន្ទាប់ ដោយមិនឲ្យពលរដ្ឋណាម្នាក់រងទុក្ខវេទនា ដោយសារអត់ស្បៀងឡើយ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅក្នុងដំណាក់កាលកូវីដ-១៩ បានទម្លាប់ថវិការាប់លានដុល្លារជួយដល់ពលរដ្ឋដែលរងគ្រោះដោយវិបត្តិកូវីដ-១៩ និងបានផ្តល់ស្បៀងសង្គ្រោះបន្ទាន់ដល់ពលរដ្ឋ តាមរយៈក្រុមការងារជូនដល់មូលដ្ឋានដោះស្រាយបញ្ហាប្រចាំថ្ងៃនេះ គឺជាទឹកចិត្តរបស់ថ្នាក់ដឹកនាំដែលតែងតែគិតគូរពីសុខទុកប្រជាពលរដ្ឋ ទោះនៅទីណាកន្លែងណា ជាតិសាសន៍ណាក៏ដោយ ថ្នាក់ដឹកនាំតែងចុះជួយពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
អភិបាលខេត្តបន្ទាយមានជ័យ ក៏បានជំរុញដល់ពលរដ្ឋក្នុងដំណាក់កាលជំងឺរាតត្បាតសកលកូវីដ-១៩ សូមចូលរួមដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វជាដើម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ សល់ពីនោះពលរដ្ឋអាចយកទៅលក់ គ្រាន់បានកម្រៃបន្ថែមសម្រាប់ក្រុមគ្រួសារ។
លោកអភិបាលខេត្តបានរំលឹកដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារពីឆ្លងកូវីដ-១៩។
បន្ទាប់បញ្ចប់កម្មវិធី អ្នកតំណារាស្រ្ត និងលោកអភិបាលខេត្តបន្ទាយមានជ័យ ព្រមក្រុមការងារបានបន្តចែកជូនពលរដ្ឋក្រីក្រនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ៣២គ្រួសារ និងបានបើការដ្ឋានស្ថាបនាផ្លូវលំមួយខ្សែប្រវែង ៤២០ម៉ែត្រ ទទឹង ៦ម៉ែត្រ ក្រាលថ្មមិច ដែលជាអំណោយលោក យ៉ែម សារឿន និងលោកស្រី លាច ចាន់ដារី ជូនពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។
ចំពោះផ្លូវមួយខ្សែខាងលើនេះ នៅឆ្នាំបន្ទាប់ លោកអភិបាលខេត្តបន្ទាយមានជ័យនឹងផ្តល់ជាផ្លូវបេតុងជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ហើយសិស្សានុសិស្សក៏នឹងងាយស្រួលក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ។ ជាមួយគ្នានោះផងដែរ អាជ្ញាធរខេត្តក៏បាននាំគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕