(កំពង់ឆ្នាំង)៖ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានណែនាំថា ប្រជាពលរដ្ឋអាចនឹងភ្លេចកូវីដ ប៉ុន្តែជំងឺកូវីដ វាមិនភ្លេចយើងនោះទេ។ ហេតុនេះសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់នៅគ្រប់មូលដ្ឋាន ណែនាំកូនចៅបងប្អូនចូលរួមការពារខ្លួនដោយត្រូវធ្វើអនាម័យខ្លួន ប្រាណទាំងអស់គ្នា ទប់ស្កាត់កុំឲ្យឆ្លង និងចម្លងចូលមកក្នុងសហគមន៍របស់យើង។
លោកស្រីបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ក្នុងពេលអញ្ជើញចូលរួមសម្ពោធស្នាក់ការ បុរី ប៊ុនថេងសន ចំការតាម៉ៅ ក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀង និងចែកអំណោយម៉ូតូ និងថវិកាជូនដល់ នគរបាលប៉ុស្តិ៍រដ្ឋបាលប្រជាការពារ និងអាជ្ញាធរភូមិ និងឃុំស្រែថ្មីផងដែរ។
លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានបន្តថា បច្ចុប្បន្នជំងឺកូវីដកំពុងតែកើតឡើងទូរទាំងសកលលោកជិត២០លាននាក់ និងបានសម្លាប់មនុស្សជិត ៧៣ម៉ឺននាក់ហើយ ប៉ុន្តែសំណាងល្អនៅកម្ពុជាយើងក៏មានអ្នកជំងឺកូវីដ១៩ ជាង២០០នាក់ផងដែរ ដែលសុទ្ធតែបានចម្លងមកពីក្រៅប្រទេស។
ទន្ទឹមនោះដែរ ដោយសារតែវិធានការទប់ស្កាត់ដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងយកចិត្តទុកដាក់ព្យាបាលរបស់ក្រសួង គឺក្នុងប្រទេសកម្ពុជាយើងពុំទាន់មាននរណាម្នាក់ ស្លាប់ដោយសារជំងឺកូវីដនេះទេ។
ដោយឡែកចំពោះវិបត្តិនៃជំងឺកូវីដ បានធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋជួបការលំបាក ដែលក្នុងដំណាក់កាលនេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានគិតគូរអំពីការលំបាក និងសុខទុក្ខដល់ប្រជាពលរដ្ឋ ដោយកំណត់ឲ្យអាជ្ញាធរ និងស្ថាប័នពាក់ពន្ធ័ ចុះសក្សាអំពីជនក្រីក្រកម្រិត១ និងកម្រិត២ ដែលជួបការលំបាកក្នុងជីវភាព មិនអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ដើម្បីបើកប្រាក់ឧបត្ថពម្ភពីរាជរដ្ឋាភិបាល ក្នុងនោះដែរក៏មានគោលនយោបាយជួយដល់ស្ត្រីមានផ្ទៃពោះ ស្រី្តសម្រាលកូន ជនចាស់ជរា និងជនមានពិការភាពផងដែរ។
លោកស្រីអ្នកតំណាងរាស្ត្រ បានបញ្ជាក់នៅក្នុងពិធីនេះថា ប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ ជាក់ស្ដែងដូចថ្ងៃនេះក្រុមហ៊ុន បានសម្ពោធស្នាក់ការរបស់ខ្លួន ដើម្បីបំរើអតិថិជន ក៍ដោយសារតែប្រទេសមានសុខសន្តិភាពផងដែរ ទើបអ្នកវិនិយោគទន់ បរទេសគេមកបណ្តាក់ទន់រកស៊ីនៅស្រុកយើងបាន។ ដូចដែលតំណាងក្រុមហ៊ុន បានរាយការណ៍ក្នុងកម្មវិធីនេះថា ការកសាងបុរីនេះគឺមានក្រុមហ៊ុនចិន កូរេ និងថៃ ដែលបានចុះ MOU សហការកសាង ដោយសង្ឃឹមថាក្រោយពីបុរី បុនថេង សន ចំកាតាម៉ៅ នេះរួចរាល់ខេត្តកំពង់ឆ្នាំង នឹងមានមុខមាត់ថ្មីមួយកម្រិតថែមទៀត ព្រោះថា បុរីធ្វើផ្ទះល្វែងនេះ នៅជិតសួនច្បារសម្ដេចវាវាំងគង់សំអុល ដែលអាចឲ្យប្រជាពលរដ្ឋមករស់នៅបានសុខសាន្ត ងាយស្រួលមកហាត់ប្រាណនៅតាមសួនច្បារខាងលើនេះ។
លោក សន ប៊ុនម៉េង ម្ចាស់គម្រោង បុរី ប៊ុនថេង សន ចំការតាម៉ៅ បានបញ្ជាក់ថា ក្នុងគម្រោងសាងសង់វីឡាកូនកាត់ជំហាន១នេះ មានចំនួន៦២ល្វែង ដោយក្នុងផ្ទះនិមួយៗមាន បំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប មានប្រព័ន្ធពន្លត់អគ្គីភ័យអូតូ មានប្រព័ន្ធស្មាតហូម និងមានប្រពន្ធ័ហ្វាយៗ២៤ម៉ោង មានផ្តល់ការធានារាប់រងអាយុជីវិតពីក្រុមហ៊ុន AIA រយះពេល៣ឆ្នាំ មានសន្តិសុខ ២៤ ម៉ោងផងដែរ ។
នៅក្នុងឱកាសនោះដែរក្រុមហ៊ុន ប៊ុនថេង សន ក៏បានឧបត្ថម្ភដល់ប្រជាការពារ ១៤នាក់ អាជ្ញាធរភូមិ និងឃុំស្រែថ្មី១១នាក់នគរបាលប៉ុស្តិស្រែថ្មី ៧នាក់ គឺក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀល និងឧបត្ថម្ភម៉ូតូ១គ្រឿង ជូនដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែថ្មី ផងដែរ ៕