(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ បានចេញមកទាត់ចោលព័ត៌មាន ដែលវិទ្យុអាស៉ីសេរីផ្សាយថា ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប មានការថយចុះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្រសួងកសិកម្ម បានបកស្រាយថា ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប កំពុងមាននិន្នការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២០ មានការកើនឡើងចំនួន ៣៧,៧០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ (ដែល៧ខែ ឆ្នាំ២០១៩ មានចំនួន ១០៤ ៧៥៦តោន និង៧ខែ ឆ្នាំ២០២០ មានចំនួន ១៤៤ ២៤៧តោន។
នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វិទ្យុអាស៉ីសេរី បានផ្សាយព័ត៌មានថា «...ចំណែកអង្ករកម្ពុជាវិញ មិនពាក់ព័ន្ធនឹងបញ្ហា EBA ឡើយ ក៏ប៉ុន្តែត្រូវបានសហភាពអឺរ៉ុបយកពន្ធ ១០០% តាំងពីដើមឆ្នាំ២០១៩មក ក្រោយត្រូវបានបង់ពន្ធពេញ ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប បានថយចុះយ៉ាងគំហុក...»៕