(កណ្តាល)៖ បន្ទាប់ពីទទួលបានការចុះផ្សាយអត្ថបទនៅលើទំព័រសារព័ត៌មានមួយ «ភាពអត់ឃ្លានដោយសារកូវីដ១៩៖ គ្រួសារមួយហូបបាយជាមួយទឹកជំនួសសម្ល» នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះទៅដល់ផ្ទះលោកស្រី ប៉ៃ ច្រិប ដែលស្ថិតនៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល បានជួបសំណេះសំណាលសួរសុខទុក្ខ សុខភាព និងជីវភាពរបស់ក្រុមគ្រួសារលោកស្រី ប៉ៃ ច្រិប។
បើតាមលោកស្រី ប៉ៃ ច្រិប បានជម្រាបជូនលោក កែវ រ៉េមី ថា ថ្មីៗនេះលោកស្រីមានបញ្ហាសុខភាព ហើយដោយមានបណ្ណក្រីក្រទើបលោកស្រីទទួលបានការព្យាបាល និងវះកាត់ដោយមិនគិតថ្លៃពីមន្ទីរពេទ្យលោកសង្ឃ។ ដោយសារកំពុងមានជំងឺទើបនឹងវះកាត់រួច ទើបលោកស្រីតមការហូបអាហារមួយចំនួន ដោយពិសារបាយតែនឹងអំបិល ព្រោះខ្លាចមុខរបួសក្លាយ។
លោក កែវ រ៉េមី បានណែនាំឱ្យលោកស្រី ប៉ៃ ច្រិប ថែរក្សាសុខភាព និងទៅពិនិត្យព្យាបាលជំងឺបន្តទៀតនៅមន្ទីពេទ្យនៅភ្នំពេញ ហើយបានផ្ដល់ថវិកា ២៥ម៉ឺនរៀល ជូនលោកស្រីសម្រាប់សោហ៊ុយធ្វើដំណើរ និងអាហារ ដែលចំនួនថវិកានេះ គឺលើសពីការស្នើសុំរបស់សាមីខ្លួន។
លោក កែវ រ៉េមី ក៏បានជួបប្រជុំជាមួយមេភូមិទាំង១៦ភូមិ នៃឃុំព្រែកអំបិល និងបានពន្យល់ណែនាំមេភូមិ ទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុខភាព និងជីវភាពប្រជាពលរដ្ឋ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយទេ។
លោក កែវ រ៉េមី ក៏បានណែនាំមេភូមិ និងមេឃុំឱ្យយកចិត្តទុកដាក់ពីបញ្ហាសំរាមផងដែរ និងបានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ដល់កន្លែងចោលសំរាម ហើយលោកក៏បានប្រាប់លោកមេឃុំពីវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាសំរាម ព្រមទាំងក្រុមហ៊ុនប្រមូលសំរាមនៅស្រុកស្អាង។
នាឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានឧបត្ថម្ភថវិកាចំនួន ១,៥០០,០០០រៀល ជូនឃុំសម្រាប់ការងារស្តារកំប្លោកនៅក្នុងស្ទឹងនៃឃុំព្រែកអំបិល។ កន្លងមក ក្នុងការងារនៃការចុះពង្រឹងមូលដ្ឋាននៅឃុំព្រែកអំបិល លោក កែវ រ៉េមី និងក្រុមការងារទាំងអស់តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងឃុំព្រែកអំបិល ដោយមិនរំលងប្រជាពលរដ្ឋណាម្នាក់ទេ ដោយក្រុមការងារតែងតែចុះតាមខ្នងផ្ទះ ដើម្បីដឹងពីសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ និងបានផ្ដល់ការឧបត្ថម្ភជាបន្តបន្ទាប់រហូតមក។
ការចុះផ្សាយអត្ថបទរបស់សារព័ត៌មានខាងលើនេះ គឺប្រាសចាកពីការពិតទាំងស្រុង ដែលផ្ទុយពីតថភាពជាក់ស្ដែងរបស់ក្រុមគ្រួសារលោកស្រី ប៉ៃ ច្រិប ដែលមិនទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ជាពិសេសរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយថ្មីៗនេះរាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភដល់គ្រួសារក្រីក្រដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទៀតផង។
គួរបញ្ជាក់ថា កន្លងមកក្រុមការងារតែងតែជួយឧបត្ថម្ភក្រុមគ្រួសារនេះជាបន្តបន្ទាប់ដូចជា៖ ថវិកា កង់សម្រាប់កូនជិះទៅរៀន អង្ករ ស្បៀង សាប៊ូ គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកស្អាង ជូនដល់គ្រួសារក្រីក្រក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ ហើយលោកស្រីក៏ទទួលបានថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់គ្រួសារក្រីក្រដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន ១៦ម៉ឺនរៀលក្នុងមួយខែ ផងដែរ។ ក្រុមការងារតែងតែចុះសួរសុខទុក្ខ និងថែមទាំងធ្លាប់បានផ្ដល់ថវិកាគួចព្រលឹងសម្រាប់ចៅទើបនឹងកើតរបស់លោកស្រី ប៉ៃ ច្រិប ទៀតផង៕