(ភ្នំពេញ)៖ សព្វថ្ងៃចំពោះបងប្អូនដែលនិយមប្រើកាបូបប្រេនៗ ទំាងជាតិនិងអន្ដរជាតិ គឺប្រាកដជាស្គាល់ច្បាស់ម៉ាក LOUIS VUITTON ហៅកាត់ថា LV ។ តែអ្វីជាចម្ងល់នោះនៅត្រង់ថាម៉ាក LV ដែលបងប្អូនស្គាល់ពាសពេញពិភពលោកនេះ តើម៉ាក LV រចនាតាមក្បាច់អង្គរឬយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងថាចំពោះម៉ាក LOUI VUITTON ហៅកាត់ថា LV ឬគេស្គាល់ជាទូទៅម៉ាក LV មានមូលដ្ឋាននៅប្រទេសបារំាង ដែលជាម៉ាកប្រណីតបំផុតមួយក្នុងពិភពលោក រួមមានផលិតផលជាច្រើនមុខ ដូចជា៖ ស្បែកជើង វ៉ែនតា កាបូបជាដើមនោះ។
បើនិយាយពីការរចនាលើម៉ាក LV ដូចមតិជាតិនិងអន្ដរជាតិឃើញនេះ គឺជាការរចនា តាមក្បាច់អង្គររបស់ដូនតាខ្មែរយើង។ បានន័យថាក្បាច់អង្គរដែលម៉ាក LV រចនាតាមនេះហៅថា «ក្បាច់ចកនិងក្បាច់ដកចន្ទន៍» ជាក្បាច់ផ្កាលម្អសំពត់ទេពអប្សរាដ៏ល្អឯកជាន់ទី៣ ហៅថា «រួតបាកាណ» នៅប្រាង្គប្រាសាទអង្គរនេះឯង។
លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះភាពស្រស់បំព្រងអំពី ក្បាច់អង្គរលើម៉ាក LV នេះ យើងឃើញតាមរយៈស្ដតពាណិជ្ជកម្មភ្ជាប់ប្រាសាទអង្គរ ដ៏គួរឲ្យកោតស្ងប់ស្ញែងដ៏អស្ចារ្យផងដែរ។
ចំពោះ«ក្បាច់ចកនិងក្បាច់ដកចន្ទន៍» គឺជាក្បាច់ដ៏វិសេសវិសាលក្នុងសិល្បៈខ្មែរដែលបុព្វបុរសខ្មែរប្រើជាគ្រឿងលម្អក្បាច់ផ្កាសំពត់ ម៉ូតសំលៀកបំពាក់ប្រកបដោយភាពប្រណីត អស្ចារ្យ និងរស់រវើក ដោយផ្កាខ្លះញឹកផ្កាខ្លះស្រាលទៅតាមឋានានុក្រម។
បើដូចនេះដោយ«ក្បាច់ចកនិងក្បាច់ដកចន្ទន៍» ជាក្បាច់ដ៏ប្រពៃយ៉ាងដូច្នោះហើយ ទើបបុព្វបុរសខ្មែរ បានយកក្បាច់នេះ មកលម្អលើសំពត់ហួល គឺជាអត្ដសញ្ញាណជាតិមួយរបស់សម្លៀកបំពាក់ខ្មែរ តំាងពីបុរាណរៀងមកយ៉ាងដូច្នោះដែរ។ ម្យ៉ាងទៀតក្នុងទស្សនៈខ្មែរចំពោះ «ហួល» គឺជាសម្លៀកបំពាក់បុរាណដែលបង្ហាញពីចរិយាមារយាទ សេចក្ដីថ្លែថ្នូរររបស់ស្រី្ដខ្មែរ ភាពទន់ភ្លន់ រួសរាយ និងបង្ហាញពីអរិយធម៌ខ្មែរដ៏រុងរឿង។
ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ បានសម្ដែងនូវទស្សនៈផ្ទាល់ខ្លួនថា បើទោះបីម៉ាក LV បានយកក្បាច់អង្គរជាសម្បត្ដិអរិយធម៌ខ្មែរ ទៅរចនារកស៊ីដ៏អស្ចារ្យដូចយើងឃើញយ៉ាងនេះក្ដី តែពេលខ្លះយើងក៏ពុំគួរមានសេចក្ដីទោមនស្សពេកដែរ។ តែអ្វីដែលយើងចាប់អារម្មណ៍នោះស្ថិតត្រង់ថា «អំពីគុណតម្លៃក្បាច់ខ្មែរជាមរតកអរិយធម៌ខ្មែរ ត្រូវបានម៉ាក LV យកទៅរចនាយ៉ាងល្បីល្បាញបំផុតក្នុងពិភពលោក»៕