(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែមទៀត ជាជនជាតិចិន មកពីហ្វីលីពិន និងជាជនជាតិអាមេរិក មកពីសហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា បុរសជនជាតិចិន មានអាយុ ២២ឆ្នាំ ដែលដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ បុរសជនជាតិចិននេះ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ ហើយមកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ដោយឡែកស្រ្តីជនជាតិអាម៉េរិកកាំង មានអាយុ ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ ស្រ្តីរូបនេះធ្វើតេស្តពេលមកដល់ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបានឱ្យដឹងថា ក្នុងជើងហោះហើរនេះ មានអ្នកដំណើរសរុប ២៥នាក់ (ស្រី ០៧នាក់ បុរស ០៩នាក់ និងកុមារ ០៩នាក់)។ ក្នុងនោះមានជនជាតិ ខ្មែរ ១៤នាក់ ជនជាតិអាម៉េរិកកាំង ០៥នាក់ ជនជាតិកូរ៉េខាងត្បូង ០១នាក់ ជនជាតិវៀតណាម ០១នាក់ ជនជាតិថៃ ០១នាក់ ជនជាតិទូកគឺ ០១នាក់ និងជនជាតិអង់គ្លេស ០២នាក់។
អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២១នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ និងមន្ត្រីស្ថានទូតអាម៉េរិកចំនួន ០៣នាក់ ស្នាក់នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលគ្រប់គ្រងដោយស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ សរុប ២៦៨នាក់ ស្ត្រី ៥៣នាក់ និងបុរស ២១៥នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុប ២២០នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៤នាក់។
ដោយឡែកអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៨នាក់។ សម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០៣នាក់ (ស្ត្រីជនជាតិកាណាដា ០១នាក់ ស្ត្រីជា កងទ័ពមួកខៀវ ០១នាក់ និងស្ត្រីជនជាតិអាម៉េរិកកាំង ០១នាក់), នៅមណ្ឌលសុខភាពចាក់អង្រែចំនួន ៤០នាក់ (ស្ត្រី ០៣នាក់ និងបុរស ៣៧នាក់), នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានចំនួន ០១នាក់ ជាបុរស, នៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ មានចំនួន ០៣នាក់ ជាបុរស និងនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ១នាក់ ជាស្ត្រីជនជាតិកាហ្សាក់ស្តង់៕