(ភ្នំពេញ)៖ លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។
បើតាមក្រសួងការបរទេស ក្នុងអំឡុងពេលទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនៅក្នុងឱកាសនោះ បញ្ហាទ្វេភាគី និងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួម នឹងត្រូវបានលើកយកមកពិភាក្សា។
ក្រសួងការបរទេសបន្ថែមថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ម៉ូតេហ្គី តូស៊ីមីសឺ នៅកម្ពុជា នឹងជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី ហើយក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩៕