(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើលិខិតអបអរសាទរ និងជូនពរ ឯកឧត្តម សេង ទៀង ដែលត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងលិខិតរបស់ អ្នកឧកញ៉ា គិត ម៉េង បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា សូមចូលរួមសម្ដែងសេចក្ដីអបអរសាទរយ៉ាងក្លៀវក្លា និងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាដែលឯកឧត្តម ត្រូវបាន ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
ព្រះរាជទានត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី គឺជាសក្ខីភាពឆ្លុះបង្ហាញអំពីការ ខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់ ឯកឧត្តម ក្នុងការដឹកនាំកសាងអភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿន។ យើងខ្ញុំជឿជាក់ថា ភាពជោគជ័យដ៏វិសេសវិសាលដែល ឯកឧត្តម ទទួលបាននេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លាប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្ដងទៀត ស្ថិតក្នុងឱកាសដ៏នក្ខត្តឫកនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំសមាជិក-សមាជិកានៃ សភាពាណិជ្ជកម្ម កម្ពុជា សូមគោរពជូនពរបវរមហាប្រសើរដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ សុភមង្គល វិបុលសុខ សុខភាពមាំមួន និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃ ដើម្បីបន្តសម្រេចនូវភារកិច្ចដ៏ឧដុង្គឧត្តមថ្មីបន្ថែមទៀត និងរួមចំណែកដឹកនាំ នាវាកម្ពុជាឱ្យបន្តមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីឱ្យកេរ្តិ៍ឈ្មោះនិងកិត្យានុភាព នៃព្រះរាជាណាចក្រ កម្ពុជារឹងរិតតែល្បីរន្ទឺ»៕