(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» ដែលមានការចូលរួមជាវាគ្មិនពី លោក នេត្រ ភត្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ព្រមទាំងមន្ដ្រីជំនាញផ្សេងទៀតផងដែរ។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ពីស្ថានភាព នៃការប្រែប្រួលអាកាសធាតុ ដែលជាកត្តានាំឲ្យកើតមានការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់សេដ្ឋកិច្ច សង្គម រួមនឹងវិធានការជាក់ស្ដែង ដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
លោក នេត្រ ភត្ដ្រា បានពន្យល់ថា ការប្រែប្រួលអាកាសធាតុ បណ្ដាលមកពីកត្តាពីរយ៉ាង៖
* កត្តាធម្មជាតិ (Natural Climate Change)៖ កើតឡើងដោយសារដំណើរការធម្មជាតិមានអន្តរទំនាក់ទំនង ជាមួយប្រព័ន្ធព្រះអាទិត្យដូចជាវដ្តទឹក និង ថាមពល ការផ្លាស់ប្តូរនៃចលនាអ័ក្សផែនដី កម្រិតប្រែប្រួលនៃពន្លឺព្រះអាទិត្យ ចរន្តទឹកសមុទ្រ និងបន្ទុះភ្នំភ្លើង។ល។ ប៉ុន្តែបាតុភូតទាំងនេះមានភាពយឺតយ៉ាវ និងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
* កត្តាមនុស្ស (Anthropogenic Climate Change)៖ ការប្រែប្រួលអាកាសធាតុបណ្តាលមកពីសកម្មភាពមនុស្សកើតមានឡើង ចាប់ពីការរីកចម្រើន នៃបដិវត្តឧស្សាហកម្ម ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៨០០ ដែលកត្តានេះបណ្តាលមកពីការកើនឡើង នៃការដុតប្រេងឥន្ធនៈផូស៊ីល (ការបញ្ចេញឧស្ម័នកាបូនិច)។ ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៣០ និង១៩៦០ អ្នកវិទ្យាសាស្ត្របានបង្ហាញនូវលទ្ធផល នៃការសិក្សាស្រាវកាន់តែច្បាស់ និងអាចជឿជាក់បាន គឺការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងៗ ដោយសារសកម្មភាពមនុស្សដែលទាមទារឲ្យពិភពលោកចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាសកលនេះ។
បើតាមលោក នេត្រ ភត្ដ្រា បានអះអាងថា ប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុ ជាក់ស្តែងតំបន់ខ្លះ មានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យជន់លិចបង្កជាទឹកជំនន់ តំបន់ខ្លះទៀតមានភ្លៀងធ្លាក់តិចតួច បង្កឲ្យមានភាពរាំងស្ងួត។ កំណើននីវ៉ូទឹកសមុទ្រកើតឡើង ការជ្រាបចូលនៃទឹកប្រៃក្នុងប្រព័ន្ធទឹកសាប៕