(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ នៅតែបន្តចុះត្រួតពិនិត្យ ជាក់ស្ដែងលើទីតាំងខារ៉ាអូខេ (KTV) ជាបន្តបន្ទាប់ចំនួន ៦ទីតាំងផ្សេងៗគ្នា ដែលត្រូវប្រែក្លាយទៅ ជាភោជនីយដ្ឋាន តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ជំងឺ COVID-19។
សកម្មភាពចុះត្រួតពិនិត្យជាក់ស្ដែងលើទីតាំងខារ៉ាអូខេ (KTV) ចំនួន៦ទីតាំង ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋានចំនួន៦ទីតាំងផ្សេងៗគ្នា របស់រដ្ឋបាលខណ្ឌឫស្សីកែវនេះ ស្ថិតក្រោមការបញ្ជាដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងដឹកនាំផ្ទាល់ដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ហើយបានធ្វើឡើងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ចាប់ពីម៉ោង០៧៖៣០នាទីនារាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
ជាក់ស្ដែង សកម្មភាពចុះត្រួតពិនិត្យរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ជាលទ្ធផលរកឃើញថា ក្នុងចំណោមទីតាំងខារ៉ាអូខេ (KTV) ទាំង៦ទីតាំង នៅសង្កាត់គីឡូម៉ែត្រលេខ៦ ដែលបើកដំណើរការ ជាធម្មតា ដោយមានលក្ខណៈជាភោជនីយដ្ឋាន តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានណែនាំបន្ថែមទៀតដល់ម្ចាស់ទីតាំងអាជីវកម្មខារ៉ាអូខេ (KTV) ទាំង៦កន្លែងផងដែរ ដែលកំពុងបើកដំណើរការ ឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ ការបង្ការ និងការការពារ ជម្ងឺកូវដ១៩ ឲ្យបានល្អប្រសើរ៕