(តៃប៉ិ)៖ ចិន នៅថ្ងៃពុធនេះបានព្រមានសមភាគីអាមេរិកធ្ងន់ៗថា «កុំចង់លលេងជាមួយភ្លើង» ខណៈប្រតិភូកម្រិតខ្ពស់របស់អាមេរិក ទើបតែបានបញ្ចប់ដំណើរទស្សនៈកិច្ច ជាប្រវត្តិសាស្ត្រចំនួនបីថ្ងៃនៅកោះតៃវ៉ាន់នៅថ្ងៃនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។
តាមរយៈសន្និសីទកាសែតនៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានព្រមានសហរដ្ឋអាមេរិក ដោយប្រើពាក្យសម្តីធ្ងន់ៗយ៉ាងដូច្នេះថា៖ «លើបញ្ហា ដែលទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន មនុស្សមួយចំនួននៅសហរដ្ឋអាមេរិក មិនគួរមានការភាន់ច្រឡំទេ ហើយអ្នកដែលលេងជាមួយភ្លើងនឹងត្រូវឆេះខ្លួន»។
ទន្ទឹមគ្នានោះ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ទៀតថា៖ «ខ្ញុំសូមដាស់តឿនដល់អាជ្ញាធរកោះតៃវ៉ាន់ថា ចូរកុំរណបអ្នកដទៃ ហើយក៏មិនត្រូវពឹងផ្អែកលើការគាំទ្ររបស់ជនបរទេស ដើម្បីប្រឹងប្រែងប្រកាសឯករាជ្យឲ្យសោះ ដ្បិតថាវាគឺជាទីបញ្ចប់»។
ដំណើរបំពេញទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ដែលដឹកនាំដោយរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក អេឡិច អាហ្សា (Alex Azar) គឺជារឿងមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីសហរដ្ឋអាមេរិក បានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការ ជាមួយកោះតៃវ៉ាន់នៅឆ្នាំ១៩៧៩ ដើម្បីងាកមកគាំទ្រនយោបាយចិនតែមួយ ដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ប្រទេសចិននោះ៕