(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ផលប៉ះពាល់ និងវិធានការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ក្នុងវិស័យផលិតកម្មកសិកម្ម» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះនៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់អំពីផលប៉ះពាល់ និងវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទប់ទល់នឹងភាពប្រឈមវិស័យកសិកម្ម ជាពិសេសគឺអនុវិស័យផលិតកម្មដំណាំ ក្នុងកាលៈទេសៈនៃស្ថានភាពប្រែប្រួលអាកាសធាតុ។
ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ មានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការអញ្ជើញចូលរួមជាវាគ្មិនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕