(ព្រៃវែង)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយលោក កែវ ពិសី អភិបាលស្រុកមេសាង សហការជាមួយអង្ការវ៉ាយអេត (WRRT) នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានចុះបង្ក្រាបទីតាំងទិញលក់សត្វព្រៃមួយកន្លែង នៅភូមិព្រៃត្រខុប ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ដោយឃាត់ខ្លួនបានអ្នកទិញ លក់ សត្វម្នាក់ និងសត្វព្រៃជិត១០០ក្បាល បានលែងឱ្យមានសេរីភាពវិញ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថស្រុកបានចុះបង្ក្រាបកន្លែងទិញ លក់សត្វព្រៃនេះ បានដកហូតបានសត្វរួមមាន៖ សត្វលលក ចំនួន៧២ក្បាល សត្វប្រហ្វឹក០១ក្បាល និងសត្វឃ្លុំ ០១ក្បាល។
បច្ចុប្បន្នសត្វទាំងអស់នេះ បានប្រលែងឱ្យបានសេរីភាពវិញនៅសាលាស្រុកមេសាង ម្ចាស់ទីតាំងទិញ លក់សត្វព្រៃ ត្រូវបានកម្លាំងជំនាញ កសាងសំណុំ រឿងចាត់ការ តាមនីតិវិធី។
លោក កែវ ពិសី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វព្រៃ និងកុំជួញដូរសត្វព្រៃ ដែលនាំឱ្យផុតពូជសត្វដ៏កម្រមួយចំនួន ហើយសាច់ព្រៃខ្លះអាច នឹងធ្វើឱ្យប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារតែអាចមានមេរោគផ្សេងៗជាដើម៕