(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដគោរពច្បាប់ចរាចរណ៍ ជាពិសេសក្នុងឱកាសថ្ងៃឈប់សម្រាក សងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ការអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសដែលលោក ហាក់ សុខមករា ដឹកនាំក្រុមការងារ ចុះចែកជូនមួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ នៅបណ្តោយផ្លូវជាតិលេខ៧ ក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ។
លើសពីនោះទៀត លោក ហាក់ សុខមករា ក៏បានទទួចឲ្យប្រជាពលរដ្ឋ រួមគ្នាគោរពច្បាប់ចរាចរណ៍ ពិសេសលោកបានដាក់ផែនការអនុវត្ត ដល់សមត្ថកិច្ចតាមដងផ្លូវ ត្រូវឃាត់រាល់អ្នកដំណើរទាំងអស់ ដែលមិនពាក់មួកសុវត្ថិភាព ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។
ក្នុងនាមជាអាណាព្យាបាលពលរដ្ឋ និងក្នុងនាមជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត លោកស្នើដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកដំណើរតាមផ្លូវថ្នល់ ត្រូវចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
ជាមួយគ្នានោះ អនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដរក្សាថែរក្សាអនាម័យ ដោយលាងដៃ ជាមួយនិងអាកុល និងសាប៊ូ ជាប់ប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕