(ព្រះសីហនុ)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានការសហការ ពីមន្ត្រីមន្ទីរ ពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារទំនើបសាម៉ុនដឺរ៉ា ក្នុងក្រុងព្រះសីហនុ គោលដៅសំខាន់ នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមី ហាមឃាត់។
នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើផលិតផល ម្ហូបអាហារចំនួន ១៧ គំរូ (បង្គារ មឹក សាច់ត្រី សាច់ជ្រូក សាច់គោរ សាច់មាន់ ហ៊តដក បាញ់ស៊ុងគ្រៀម បន្លែ) ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារផងដែរ។
មន្រ្តីជំនាញ បានឲ្យដឹងថា ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញ មានផ្ទុកសារធាតុគីមីហាមឃាត់ នៅក្នុងម្ហូបអាហារខាងលើ និងពុំមានការដាក់តាំងលក់ទំនិញ ខូចគុណភាព ហួសកាលបរិច្ឆេទនោះទេ។
ក្នុងថ្ងៃដដែលមន្រ្តូជំនាញ បានបន្តចុះផ្សព្វផ្សាយ និងបិទស្ទីគ័រ ណែនាំអំពី QR code. តាមបណ្តាស្ថានីយ៍ ដេប៉ូ ប្រេងឥន្ធន:ក្នុងស្រុកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សរុបបានចំនួន៣ ស្ថាននីយ៍ដេប៉ូប្រេងឥន្ធនៈ។
បន្ទាប់មក មន្ត្រីជំនាញបានធ្វើការណែនាំដល់ម្ចាស់ផ្សារទំនើប និងម្ចាស់ស្ថានីយ៍ ដេប៉ូប្រេង ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕