(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចដកហូតមុខតំណែង ផ្ទេរភារកិច្ច និងព្រមានទៅលើមន្ដ្រីនគរបាលមួយក្រុម ដែលពាក់ព័ន្ធការល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ កាលពីពេលថ្មីៗ នៅក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដែលទទួលការរិះគន់នៅតាមបណ្ដាញសង្គម។
យោងតាមសេចក្ដីសម្រេចរបស់ សម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចដូចខាងក្រោម៖
*ទី១៖ សម្រួលភារកិច្ច ឧត្តមសេនីយ៍ត្រី ថោង វណ្ឌី ពីស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ខេត្តព្រៃវែង មកជាស្នងការរង ដោយមិនទទួលផែនអ្វីទាំងអស់ ព្រមទាំងទទួលបានការព្រមានលើកទី១
*ទី២៖ អនុវត្តវិន័យក្រោមរូបភាព ព្រមានលើកទី១ ចំពោះវរសេនីយ៍ឯក ពៅ ជីវ័ន្ដ នាយការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រៃវែង មូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ
*ទី៣៖ ដកហូតមុខតំណែង លោកអនុសេនីយ៍ឯក ទូច ធារ៉ា ពីនាយរងការិយាល័យប្រឆាំងគ្រឿងញៀន ឲ្យមកជាមន្ដ្រី និងបន្ដឋានន្ដរស័ក្ដិមួយថ្នាក់ មកនៅត្រឹមអនុសេនីយ៍ទោ (ស័ក្ដិ២) មូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិ ហើយមន្ដ្រីនគរបាលរូបនេះ ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រៀងរាល់ម៉ោងធ្វើការ រហូតមានការសម្រេចជាថ្មី
*ទី៤៖ ដកហូតតំណែងអនុសេនីយ៍ឯក ស៉ី បូ ពីនាយផ្នែកស្រាវជ្រាវ និងស៉ើបអង្កេត នៃការិយាល័យប្រឆាំងគ្រឿងញៀន ឲ្យមកជាមន្ដ្រី មូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ហើយត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រៀងរាល់ម៉ោងធ្វើការ រហូតមានការសម្រេចជាថ្មី
*ទី៥៖ ត្រូវអនុវត្តវិន័យចំពោះមន្ដ្រីនគរបាល៣រូបទៀត នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមរូបភាពបន្ថយឋានន្ដរស័ក្ដិមួយថ្នាក់ មានឈ្មោះដូចតទៅ៖ អនុសេនីយ៍ឯក ហេង ចាន់រតនា ឲ្យមកជាមន្ដ្រីត្រឹមអនុសេនីយ៍ទោ, អនុសេនីយ៍ឯក សៀក ចាន់ធឿន ជាមន្ដ្រីមកនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ និងអនុសេនីយ៍ទោ យុន តារាភ័ស្ដ ជាមន្ដ្រីឲ្យមកនៅត្រឹមអនុសេនីយ៍ត្រី មូលហេតុល្មើសវិន័យរបស់កងកងកម្លាំងនគរបាលជាតិ។
ក្រោយមានលិខិតសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក សុខ មនោរម្យ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានចុះពង្រឹងរបៀបរបបការងារដល់មន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
សូមបញ្ជាក់ថា ការដាក់វិន័យលើកងកម្លាំងនគរបាលជាតិមួយក្រុមនេះ បានធ្វើឡើងដោយពាក់ព័ន្ធនឹងសកម្មភាព នាពេលកន្លងទៅដែលបានចុះបង្ក្រាបគ្រឿងញៀន និងបានប្រើហិង្សា រហូតមានការរិះគន់យ៉ាងខ្លាំងតាមបណ្តាញសង្គម Facebook។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០៖៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង។
ប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់ជនសង្ស័យឈ្មោះ ថៃ សាមាឌ ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ហឿន រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ។ ជនសង្ស័យបានអះអាងថា មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង បានដកកាំភ្លើងខ្លីពីចង្កេះរួចវាយក្បាលពួកគេ និងហៅបក្ខពួកមកព្រួតគ្នាចាប់វ៉ៃក្រៀកយកទៅការិយាល័យធ្វើទារុណកម្ម ហើយជម្រិតទារលុយបានសម្រេច ៤,០០០,០០០រៀលទៀតផង ជាថ្នូរនឹងការដោះលែងវិញ៕