(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងលួចផលិតបារីគ្មានច្បាប់អនុញ្ញាត និងក្លែងម៉ាកសញ្ញាខុសច្បាប់មួយកន្លែង ក្នុងភូមិសាស្ដ្រសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងតាមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលកន្លែងក្លាយ (គ.ប.ផ.ក) និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយ ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ជាលទ្ធផលកម្លាំងជំនាញ រកឃើញវត្ថុធាតុដើមក្លែងការផលិត ម៉ាស៉ីនផលិតខ្នាតធំ និងបារីផលិតរួចត្រៀមបញ្ជូនចេញ សរុបចំនួន២៥តោន ហើយបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ ជាជនជាតិបរទេស ចំនួន១៨នាក់ (ចិន១៥នាក់ និងវៀតណាម៣នាក់) ដែលមានមេក្លោងជាជនជាតិចិនម្នាក់។
ដោយឡែកនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានកសាងសំណុំរឿង និងបញ្ជូនជនបរទេសទាំង១៨នាក់ ទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕