(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ណែនាំទៅមន្រ្តីនគរបាលអន្តោប្រវេសន៍ ត្រូវបន្តប្រពៃណីធ្វើការងារ ប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពគ្នា និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមរបស់ អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្នុងបម្រើសេវាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។
នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ជូនមន្រ្តីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានជំរុញមន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើនសមត្ថភាព និងចំណេះរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើសេវាសាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក នៅក្នុងអង្គភាពរបស់ខ្លួន។
នាយឧត្តមសេនីយ៍អគ្គនាយក ក៏បានណែនាំទៅដល់មន្រ្តី ដែលទើបទទួលបានការតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិទាំងអស់ ត្រូវពង្រឹងសមត្ថភាព ក្នុងភាពជាអ្នកដឹកនាំ ដោយប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ភាពជាគំរូក្នុងការអនុវត្តការងារ មានសីលធម៌វិជ្ជាជីវៈខ្ពស់ និងត្រូវតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំត្រូវ ជៀសវាងដាច់ខាតនូវការប្រើប្រាស់មុខងារ និងសិទ្ធិអំណាចរបស់ខ្លួន ដើម្បីប្រព្រឹត្តអំពើមិនគប្បីការប្រព្រឹត្តអំពើពុករលួយ ការប្រកាន់បក្ខពួក និងត្រូវប្រកាន់ខ្ជាប់នូវគុណសម្បត្តិ៤យ៉ាង គឺឆន្ទៈម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្ដីភាព និងវប្បធម៌សេវាសាធារណៈ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានរំលឹកប្រធានអង្គភាពទាំងអស់ ត្រូវពង្រឹងការលើកកម្ពស់ការគោរព វិន័យសេចក្ដីថ្លៃថ្នូររបស់អង្គភាព និងត្រូវជំរុញលើកទឹកចិត្តមន្ត្រីគ្រប់ៗរូប ឲ្យខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព ជាពិសេសពង្រឹងការអនុវត្តគោលការណ៍លើកទឹកចិត្តដល់មន្ត្រី ដែលមានគុណសម្បត្តិ ឲ្យបានសាកសមនឹងស្នាដៃការងារ និងអនុវត្តវិធានការវិន័យឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីដែលប្រព្រឹត្តខុសឆ្គង ជៀសផុតពីការ យកសិទ្ធិអំណាច និងបុណ្យស័កិ្ករបស់ខ្លួន ទៅប្រព្រឹត្តិអំពើខុសច្បាប់នានានៅក្នុងសង្គម៕