(ភ្នំពេញ)៖ លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គិតមកដល់ពេលនេះបច្ចេកវិទ្យាកាន់តែទំនើបទៅៗ ដូច្នេះយើងត្រូវដើរឱ្យទាន់បច្ចេក វិទ្យា បើសិនជាដើរមិនទាន់បច្ចេកវិទ្យានោះទេ ពិតជាពិបាកក្នុងប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោកណាស់ ព្រោះគេបានដើរមុនមួយជំហានទៅហើយ ទៅលើវិស័យបច្ចេកវិទ្យានេះ។
លោក យក់ ង៉ុយ បានថ្លែងយ៉ាងដូចនេះព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ នៅវិទ្យាជាតិអប់រំ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីប្រកាសក្រុមជ័យលាភី ៣ក្រុមនៅកម្ពុជា ដែលនឹងត្រូវទៅចូលរួមប្រកួតប្រជែងជាមួយនឹងយុវជនជាច្រើនក្រុមទៀត មកពីបណ្ដាប្រទេសផ្សេងនៅចុងខែនេះ ដើម្បីឈានទៅរកវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសចិន ដើម្បីដណ្ដើមយកជ័យលាភីពានរង្វាន់របស់ក្រុមហ៊ុនអាលីបាបា ឆ្នាំ២០២០។
លោក យក់ ង៉ុយ បានបន្ថែទៀតថា យុវជនទាំង៣ក្រុម ដែលនឹងចូលរួមប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចអាលីបាបា២០២០ នៅចុងខែនេះ តាមរយៈ កម្មវិធីប្រកួតប្រជែងនេះពិតជាមានសារសំខាន់ណាស់សម្រាប់កម្ពុជា ហើយវាបានឆ្លុះបញ្ចាំងពីការដើរទាន់បច្ចេកវិទ្យា ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ ។
រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បានបញ្ជាក់ទៀតថា ជាក់ស្ដែងនៅក្នុងដំណាក់កូវីដ១៩នេះ បើសិនជាយើងមិនមានបច្ចេកវិទ្យាទំនើបទេនោះ យើងមិនអាចរៀន តាមអនឡាញបានទេ ហើយត្រូវរង់ចាំឱ្យជំងឺកូវីដ១៩ស្ងប់ស្ងាត់ ទើបអាចចូលរៀនបន្តបាន ដូចនេះបើយើងមិនពូកែបច្ចេកវិទ្យាទេ គឺខាតបង់ពេលវេលាជិតមួយឆ្នាំ។
លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង បានឱ្យដឹងដែរថា ស្ថិតនៅក្នុងបរិបទដែលកម្ពុជា និងពិភពលោកកំពុងទទួលរងនូវជំងឺ កាចសាហាវ កម្មវិធីប្រកួតប្រជែងមួយនេះពិតជាមានសារសំខាន់ណាស់ ក្នុងការរកឱ្យឃើញពីបច្ចេកវិទ្យាថ្មី ដើម្បីឱ្យមនុស្សអាចជួបគ្នានិយាយតទល់គ្នា ដោយមិនបាច់ជួប មុខគ្នាផ្ទាល់។
លោកស្រីបានបន្តថា កម្មវិធីប្រកួតប្រជែងនៅពេលនេះគឺបានបង្ហាញពីទេពកោសល្យរបស់ក្រុមនិស្សិត ដែលសាកសមសម្រាប់ការចូលរួមប្រកួតជាមួយ សាធារណរដ្ឋ ប្រជាមានិតចិននៅពេលខាងមុខ ដែលអ្នកចូលរួមប្រកួតទាំងអស់សុទ្ធតែមានសមត្ថភាពពូកែ គ្រាន់តែការឡងតែងតែមានជាប់មានធ្លាក់ និងមានភាពឈ្លៀសវៃ ជាងគ្នាបន្តិចបន្តួចប៉ុណ្ណោះ។
គួរបញ្ជាក់ថា សម្រាប់ក្រុមទាំងបី ដែលទទួលបានជ័យលាភីពីការប្រកួតប្រជែងនៅកម្ពុជារួមមាន៖ ក្រុម PAPA Deliver ក្រុម Domnam Express និងក្រុម Der Psar ៕