(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានទទួលជួប ពិភាក្សាការងារជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបប្រទះនូវ ការរីករាលដាលនៃវីរុសកូវីដ-១៩ ក៏ដូចជាការិះរកមធ្យោបាយ និងវិធានការរួមគ្នាដើម្បីបង្កលក្ខណៈងាយ ស្រួលសម្រាប់ការធ្វើដំណើរចេញ-ចូលទៅវិញទៅមក នៃប្រទេសទាំងពីរ សម្រាប់ធុរជន និងប្រជាជនកម្ពុជា និងជប៉ុន។
ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩, កម្ពុជាបានដាក់ចេញនូវវិធានការម៉ឹងម៉ាត់ ហ្មត់ចត់បំផុត។ ឯកអគ្គរាជទូតជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបានសន្យាថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយបច្ចេកទេស, ហិរញ្ញប្បទានឥតសំណងបន្ថែមសម្រាប់ ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះ, ដើម្បីចូលរួមកាត់បន្ថយនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងដើម្បីត្រៀមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា កាត់បន្ថយផលប៉ះពាល់ដល់សកម្មភាពសហប្រតិបត្តិការនានា, ភាគីទាំងពីរ បានពិភាក្សាស្វែងរកយន្តការ ឬកិច្ចសម្របសម្រួលជាពិសេសណាមួយ ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើរចេញ-ចូលទៅវិញទៅមកប្រទេសទាំងពីរកម្ពុជា-ជប៉ុន សម្រាប់ធុរជន និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងនោះ, មានការពិភាក្សាលើលក្ខខណ្ឌសម្រាប់ធុរជន និងប្រជាជនដែលមាន លំនៅដ្ឋាន (Business Track and Residence Track) ដោយរៀបចំឲ្យមានជាច្រកចេញ-ចូលរហ័ស (Fast Lane) និងយន្តការបណ្តោះអាសន្នសម្រាប់ការឆ្លងដែន និងស្នាក់នៅរបស់ធុរជន (Cross Border Business Travellers) រវាងកម្ពុជា-ជប៉ុន នៃប្រទេសទាំងពីរ ជាដើម ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលជប៉ុន ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសអាទិភាពមួយ ក្នុងការរៀបចំនូវយន្តការចេញ-ចូលរហ័ស សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក្នុងពេលវិបិត្តនៃជំងឺកូវីដ-១៩នេះ៕