(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អមដំណើរដោយមន្ត្រីរាជការ តាមមន្ទីរអង្គភាពនានាជុំវិញខេត្តនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០០គ្រួសារ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ថ្លែងក្នុងឱកាសនោះលោក ប៉ែន កុសល្យ បានលើកឡើងថា បើទោះបីជាអំណោយស្បៀងទាំងនេះ មិនបានបំពេញតាមតម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាច ដោះស្រាយបាននូវការខ្វះខាតមួយកំរិតផងដែរ។
លោក ប៉ែន កុសល្យ ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្ករបង្កើនផលដាំដំណាំឱ្យបានច្រើន ដើម្បីបង្កើនជីវភាព ឲ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួម បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤០០គ្រួសារ នៅស្រុកត្រពាំងប្រាសាទ បានទទួលអំណោយដោយក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, ប៊ីចេង០១កញ្ចប់, មី១ កេស, ត្រីខ១ យួរ, ក្រម៉ា១សម្រាប់, ភួយ១សម្រាប់ និងមុង១សម្រាប់ ក្នុងនោះលោកអភិបាលខេត្តបានឧបត្ថម្ភថវិកាចំនួន ២លានរៀល ជូនដល់សាលាបឋមសិក្សាត្រពាំងប្រាសាទ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនផងដែរ៕