(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត មន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងសុវត្ថិភាពចរាចរណ៍សម្រាប់ថ្ងៃឈប់សម្រាក ដែលរាជរដ្ឋាភិបាល អនុញ្ញាតឱ្យឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរ។
យុទ្ធនាការនេះធ្វើឡើងក្រោមវត្តមានលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយបានដឹកនាំមន្ត្រីសាខា និងយុវជនកាកបាទក្រហម មកជួយសម្រួលចរាចរណ៍នៅតាមភ្លើងសញ្ញាចរាចរណ៍មួយចំនួន ក្នុងក្រុងសៀមរាប ដោយចែកខិតប័ណ្ណសុវត្ថិភាពចរាចរណ៍, ខិត្តប័ណ្ណបង្ការជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវមួយចំនួននៅក្រុងសៀមរាប។
លោកស្រី ទាង អេង ទៀសីហា តំណាងឱ្យលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានឱ្យដឹងថា ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ស្លាប់ របួស និងពិការ ទើបសាខាកាកបាទក្រហមខេត្ត បានធ្វើសកម្មភាពជាច្រើនដូចជាសម្រួលសុវត្ថិភាពចរណ៍តាមដងផ្លូវ ចុះអប់រំផ្សព្វផ្សាយតាម ទីសាធារណៈ គ្រឹះស្ថានសិក្សាជាពិសេសគឺនៅតាមសហគមន៍ ហើយអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចុះអប់រំពីវិធីពាក់ពួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ការគោរព ស្លាកសញ្ញាចរាចរណ៍ការបិទចំណាំងផ្លាតជាដើម ។
យុទ្ធនាការថ្ងៃនេះធ្វើឡើងក្នុងគោលបំណង ដើម្បីក្រើនលំឮកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ គ្រប់មធ្យោយបាយធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរ ពិសេសក្នុងកំឡុងពេលឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ម្យ៉ាងដោយរដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធី «សម្រាកសៀមរាប» ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
លោកស្រី ទាង អេង ទៀសីហា ក៏បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកល នាពេលនេះ ហើយដែលសំខាន់នោះគឺត្រូវចូលរួមក្នុងការទទួលខុសត្រូវខ្ពស់ទាំងអស់គ្នាតាមរយៈទី១៖ សូមកុំភ្លេចយកម៉ាស់ ឬក្រម៉ា មកជាមួយដោយពាក់ជាប់ ជានិច្ចផង, ទី២៖ កុំភ្លេចយកជែល ឬអាល់កុលលាងដៃ និងទី៣៖ កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារ ការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកស្រីបន្តថា ទន្ទឹមនេះដែរប្រទេសកម្ពុជាកំពុងផ្ទុះឡើងបញ្ហាជំងឺឆ្លង គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ហេតុនេះសូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមូសខ្លា ដែលជា ភ្នាក់ងារចម្លងជំងឺទាំងពីរនេះ ដែលឆ្លងបានគ្រប់គ្នាទោះជាកុមារតូចៗ ឬមនុស្សគ្រប់ពេញវ័យក៏ដោយ ត្រូវការពារដោយត្រូវធ្វើអនាម័យនៅជុំវិញលំនៅដ្ឋាន បំបាត់ទី ជម្រកមូសខ្លា ស្លៀកពាក់ខោអាវវែងៗនិងត្រូវសម្រានក្នុងមុងជាប្រចាំ ទោះយប់ឬថ្ងៃក៏ដោយ៕