(ព្រៃវែង)៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ លោក សោម អូន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្តេច ទទួលបន្ទុកឃុំល្វា ខេត្តព្រៃវែង និងលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច បានសហការដឹកនាំក្រុម NACC Team Against COVID-19 ចុះយុទ្ធនាការអប់រំ និង បាញ់ថ្នាំបំភាយសម្លាប់មេរោគទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត-១៩ នៅអគាររដ្ឋបាលសាលា ស្រុកព្រះស្តេច អគាររដ្ឋបាលការិយាល័យសុរិយោដី អគារគណបក្សប្រជាជនកម្ពុជាស្រុកព្រះស្តេច អគាររដ្ឋបាលឃុំអង្គរាជ អគាររដ្ឋបាលប៉ុស្តិ៍នគរបាលឃុំអង្គររាជ វត្តព្រះពាន់ក្នុងឃុំអង្គររាជ វត្តតាគោកនិងវត្តសិលាចារិកក្នុងឃុំល្វា អគាររដ្ឋបាលប៉ុស្តិ៍នគរបាលឃុំល្វា និងអគារគណបក្សឃុំល្វា នៃស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោក ភុន សម្ផស្ស បានរាយការណ៍ជូនគណៈអធិបតីអំពីសភាពការណ៍រួមក្នុងស្រុកព្រះស្តេច និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការជុំវិញសាលាស្រុក ត្រូវចូលរួមអនុវត្ត អនាម័យជាប្រចាំ និងចូលរួមគោរពតាមការណែនាំរបស់ក្រសួងជំនាញ និងសម្ថកិច្ចអាជ្ញាធរដើម្បីទប់ស្កាត់ការឆ្លងជម្ងឺខូវីតនេះ។ លោកក៏បានថ្លែងអំណរគុណដល់លោក សោម អូន និងសហការី ដែលបានចុះមកធ្វើយុទ្ឋនាការបាញ់ថ្នាំសម្លាប់មេរោគការពារជម្ងឺខូវីតនៅទឹកដីស្រុកព្រះស្តេចនាពេលនេះ។

លោក សោម អូន បានលើកឡើងថា ដោយមើលឃើញពីបញ្ហាប្រឈមចំពោះមុខអំពីការរីករាលដាលជម្ងឺកូវីដ១៩ នៅលើពិភពលោក ហើយវាបានធ្វើឲ្យប៉ះពាល់ផងដែរដល់ប្រទេសកម្ពុជា ទើបលោកបានសម្រេចបង្កើតឡើងនូវ ក្រុមប្រឆាំងជម្ងឺកូវីដ១៩ «NACC Team Against COVID-19» ដើម្បីរួមចំណែកធ្វើយុទ្ឋនាការជាមួយរដ្ឋាភិបាលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលជាជម្ងឺដ៏កាចសហាវបានបំផ្លាញជីវិតមនុស្សនៅលើលោកជាង ៧៥ម៉ឺននាក់ និងកំពុងតែឆ្លងរាលដាលជាង២១លាននាក់។

លោក សោម អូន បានបន្ថែមថា ទោះបីរាជរដ្ឋាភិបាលកម្ពុជា បានខិតខំទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ១៩ ឲ្យនៅក្នុងកំរិតទាបក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ហើយជាពិសេសយើង ត្រូវប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានអនាម័យ និងវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានទ្វេរដង។

លោកបានបញ្ជាក់ថា ជម្ងឺកូវីដ១៩ វាមិនត្រឹមតែសម្លាប់ជីវិតមនុស្សនោះទេ តែវាក៏បានបំផ្លាញសេដ្ឋកិច្ចពិភពលោកទាំងមូល និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ លោក បានផ្តាំផ្ញើដល់មន្ត្រីរាជការកងកម្លាំងចំណុះស្រុកព្រះស្តេចជាង ១០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនាពេលនោះ ត្រូវចូលរួមផ្សព្វផ្សាយបន្តអំពីហានិភ័យនៃជម្ងឺដ៏កាចសហាវនេះ និង ចូលរួមអនុវត្តគោលការណ៍សំខាន់ៗ ដូចជា៖ ការរស់នៅស្អាត ពាក់ម៉ាស់នៅ ទីប្រជុំជន និងរក្សាគម្លាតសុវត្តិភាពនៅពេលមានការជួបជុំ៕