(តាកែវ)៖ លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅម៉ោងជាង ៣រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ បានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន Premium Logistic ដឹកសម្ភាររោងចក្រកាត់ដេរ បានបើកបត់បុកក្លោងទ្វារចូលវត្តទន្លេបាទី បណ្តាលឲ្យបាក់ខ្ទេចគ្មានសល់។

បើតាមការបញ្ជាក់របស់លោក ឆាយ កែវមុនី ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅក្លោងទ្វារវត្តទន្លេបាទី ស្ថិតលើផ្លូវជាតិលេខ២ ក្នុងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកទន្លេបាទី ខេត្តតាកែវ ដែលក្លោងទ្វារនោះត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៩មកម្ល៉េះ។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរកុងតឺន័រ និងរថយន្តដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកទំនិញដែលនៅលើកុងតឺន័រ សម្រាប់បម្រើដល់រោងចក្រកាត់ដេរ ត្រូវបានប្រគល់ជូនម្ចាស់ទំនិញ៕