(កោះកុង)៖ ឆ្នាំ២០២០នេះ ជនមានពិការភាពក្រីក្រនៅតំបន់មាត់សមុទ្រ ចាប់ផ្តើមទទួលបានអត្ថប្រយោជន៍ពី ការអនុវត្តប្រព័ន្ធគាំពារសង្គម ពិសេសសេវាជំនួយសង្គម និងសេវាពិការភាពដទៃទៀតកាន់តែប្រសើឡើង ពីរាជដ្ឋាភិបាលតាមរយៈរបបគោលនយោបាយ ចំពោះជនមានពិការភាពក្រីក្រ នៅក្នុងសហគមន៍។ នេះបើតាមការលើកឡើងរបស់លោក លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងក្នុងសិក្ខាសាលា ស្តីពីការដាក់ដំណើការជាផ្លូវការ គណៈកម្មាធិការគ្រប់គ្រងរបបគោលនយោបាយ ចំពោះជនមានពិការភាពក្រីក្រី នៅក្នុងសហគមន៍ នាថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២០។
សិក្ខាសាលានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងស្រុក តំណាងស្ថាប័ននានាសរុបចំនួន៤៣នាក់ ស្ត្រី១៦នាក់។
លោក ញ៉ឹក វណ្ណារ៉ាបានបញ្ជាក់បន្ថែមថា តាមរយៈផែនការរបស់នាយកដ្ឋានសុខុមាលភាពជនពិការ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអនុវត្តកន្លងមកលើការការគ្រប់គ្រងទិន្នន័យពិការភាពដកស្រង់ចេញពីកំណត់ត្រារដ្ឋបាលឃុំសង្កាត់ ឃើញថាជនមានពិការភាពក្រីក្រ ទូទាំងខេត្តកោះកុងមានចំនួន៤៦៩នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ។
ដោយឡែកការធ្វើអត្តសញ្ញាណពិការភាព នៅមិនទាន់បានធ្វើការកំណត់ច្បាស់នៅឡើយ អំពីកម្រិត និងប្រភេទ ពិការភាព ដូចនេះឆ្នាំ២០២០នេះ ដំណើការអត្តសញ្ញាណកម្មតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នឹងចាប់ឆ្តើមអនុវត្ត ដើម្បីទទួលបានទិន្នន័យពិតប្រាកដ មុនពេលផ្តល់របបគោលនយោបាយ។
នាឱកាសនេះផងដែរ លោក អ៊ុក សុភ័ក្រ អភិបាលរងខេត្តកោះកុង បានសម្តែងនូវការកោតសរសើរចំពោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ក្រុមការងារបច្ចេកទេសនាយកដ្ឋានសុខុមាលភាពជនពិការ ដែលបានយកចិត្តទុកដាក់ជំរុញការអនុវត្តការងារ ដែលមានភាពស៊ីសង្វាក់គ្នា ជាមួយសាលាខេត្តកោះកុង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក្នុងខេត្តឲ្យទទួលបានសេវានានាពីរដ្ឋ និងវិស័យឯកជន។
លោក អ៊ុក សុភ័ក្រ មានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់របបគោលនយោបាយ ដែលបានផ្តល់ដោយរាជរដ្ឋាភិបាលនេះ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមានពិការភាពក្រីក្រកាន់តែងាយស្រួលដូចជាទទួលបានការលើកស្ទួយជីវភាពរស់នៅ ធានាបានការរស់នៅដោយឯករាជ្យ អាទិភាពការងារ (ស្ថាប័នរដ្ឋ២% និងវិស័យឯកជន១%) លទ្ធភាពធ្វើដំណើរ ការពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងមណ្ឌលស្តារកាយសម្បទា ការចូលរួមសកម្មភាពសិល្បៈ កីឡា និងវប្បធម៌ជាតិ និងសេវាផ្សេងៗទៀតកាន់តែប្រសើ៕