(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពីនីតិវិធី និងបច្ចេកទេសការធ្វើអាជីកម្មសម្ភារកសិកម្ម ដល់អាជីវករដែលបានបញ្ចប់វគ្គ ក្រោមអធិបតីលោក ព្រឹម រដ្ឋា អភិបាលរងខេត្ត និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីអាជីវករក្នុងខេត្តកំពង់ធំប្រមាណ ១៣០នាក់។

លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យ នីតិកម្មកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានធ្វើរបាយការណ៍ស្តីពីការបើកវគ្គបណ្តុះបណ្តាលអប់រំ សមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករលក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ដែលបានប្រព្រឹត្តទៅអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែសីហា ឆ្នាំ២០២០ មានចំនួន១៣០នាក់។

លោក ប៉ែន វណ្ណរិទ្ធ បានឲ្យដឹងថា គោលបំណង នៃការបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្មនេះឲ្យបានយល់ច្បាស់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មក្នុងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្មដើម្បីឲ្យមានបរិមាណគុណភាពសម្ភារកសិកម្ម និងផលិតផលកសិកម្មស្របច្បាប់ក្នុងការធ្វើអាជីវកម្ម និងការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មក្នុងការធ្វើផលិតកម្មកសិកម្មឲ្យទទួលបានទិន្នផលខ្ពស់ និងមាននិរន្តភាពស្បៀងសេដ្ឋកិច្ចសង្គម និងបរិស្ថាន។

លោកបានបញ្ជាក់ថា វិញ្ញាបនបត្រដែលបានបញ្ជាក់ឲ្យនេះគឺឲ្យបងប្អូនអាចយកទៅប្រើប្រាស់បានមិនត្រឹមតែនៅក្នុងខេត្តកំពង់ធំនោះទេ គឺអាចប្រើបានគ្រប់ខេត្តក្រុងនោពេលណាបងប្អូន ផ្លាស់ប្តូរទីកន្លែងរស់នៅឬកន្លែងណាក៏បានដែរ។

ថ្លែងនៅក្នងឱកាសនោះលោក ព្រឹម រដ្ឋា បានថ្លែងថា ក្នុងនាមរដ្ឋរបាលខេត្ត មានចិត្តរីករាយយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះមន្ទីរកសិកម្មខេត្ត បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលក៏ដូចជា ពិធីប្រគល់វិញ្ញាបនបត្រអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្មដល់អាជីវករ ដែលបានចុះកាត់វគ្គអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំលក់រា ថ្នាំជីកសិកម្ម។

លោកបានបន្តថា វិស័យកសិកម្ម នៅតែមានតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់យើង ដើម្បីបន្តធ្វើទំនើបកម្ម វិស័យកសិកម្មតាមរយៈ ការបង្កើនផលិតភាពការធ្វើពិពិធកម្ម ការធ្វើពាណិជ្ជកសិកម្ម ដោយបានជំរុញការអនុវត្តវិធានការ ចាំបាច់មួយចំនួនរួមមាន៖

*ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសេវាដែលបានបម្រើឲ្យផលិតផលកសិកម្ម
*បង្កើតការផ្លាល់ប្ដូរសេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់កសិករ
*ការស្រាវជ្រាវបច្ចេកទេសកសិកម្ម
*បង្កើនទិន្នផលដំណាំ និងបន្សាំការប្រែប្រួលអាកាសធាតុការគ្រប់គ្រង
*បង្កើតជីកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម
*ការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនេះ
*ការអប់រំសមត្ថភាពវិជ្ជាជីវៈលក់ដុំលក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម ដល់អាជីវករប្រជាពលរដ្ឋ និងនិស្សិតដែលបានឆ្លងវគ្គថ្មីនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រកបរបរលក់ដុំលក់រាយ ហើយចូលរួមចំណែកលើកកម្ពស់ ពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដើម្បីឲ្យទទួលបានចំណេះដឹងនិងមានវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រង ថ្នាំកសិកម្ម និងជីកសិកម្ម ជាអ្នកផ្គត់ផ្គង់សំភារៈ ជីកសិកម្ម ដល់អតិថិជនកសិករ ជាអ្នកផ្ដល់ព័ត៌មានបច្ចេកទេស ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មដល់ប្រជាកសិករខ្មែរ ។

ជាចុងក្រោយលោកបានពន្យល់ណែនាំដល់បងប្អូនសិក្ខាកាមឲ្យយល់ដឹងពីជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺជំងឺកូវីដ-១៩ ចំពោះជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក បងប្អូនត្រូវតែចូលរួមសម្អាតបរិស្ថានឲ្យបានស្អាត នៅជុំវិញផ្ទះរបស់ខ្លួនកន្លែងសើមឬទឹកដក់ និងពាងអាងទឹក ទឹកស្អាតប្រើប្រាស់ស្អាត។

ជាពិសេសជំងឺកូវីដ-១៩ សូមឲ្យប្រជាពលរដ្ឋចូលរួម លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ខ្ទប់មាត់ និងច្រមុះនៅពេលក្អក និងកណ្ដាស់ដោយកន្សែង ក្រម៉ា ក្រដាស ឬកែងដៃ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អកឬផ្តាសាយ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ដោយគ្មានពាក់សម្ភារៈការពារ ដើម្បីបង្ការកុំអោយឆ្លងរាល ដាលសហគមន៍ ព្រមទាំងបានប្រគល់នូវវិញ្ញបនបត្រដល់សិក្ខាកាមដែលបានចូលរួម៕