(កំពង់ឆ្នាំង)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផល នៅឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
ក្នុងឱកាសនោះក៏មានការអញ្ជើញទទួលស្វាគមន៍ចំពោះវត្តមានសម្តេចចៅហ្វាវាំងពីសំណាក់លោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជារាស្ត្រក្នុងមូលដ្ឋាន។
ការចុះបំពេញភារកិច្ចនៅមូលដ្ឋាននេះ ជាបឋមសម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញក្នុងពិធីកាត់ខ្សែបូរ ជានិមត្តិរូបនៃការសម្ពោធ បើកឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលកៅស៊ូ និងបេតុងមួយខ្សែប្រវែង២៣២៦ម៉ែត្រ ដើម្បីបងប្អូនប្រជារាស្ត្រ ក្នុងមូលដ្ឋាន និងសាធារណជនទូទៅបានប្រើប្រាស់ជាប្រយោជន៍ក្នុងការជួយលើក កម្ពស់ជីវភាពចាប់តាំងពីពេលនេះជាដរាបតរៀងទៅ។
គួរបញ្ជាក់ជូនផងដែរថា ផ្លូវក្រាលកៅស៊ូមួយខ្សែនេះ បានចាប់ផ្តើមកសាងនៅក្នុងខែមេសា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះបានរួចរាល់ជាស្ថាពរ ប្រកបដោយគុណភាពជាប់រឹងមាំ និងមានសោភណ្ឌ័ភាពដ៏ប្រណិតមានទំនាក់ទំនងតភ្ជាប់ពីភូមិព្រៃគ្រីខាងត្បូង ទៅភូមិព្រៃគ្រីខាងជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះបានចាប់បដិសន្ធិឡើង ដោយគម្រោងកែលម្អផ្លូវជនបទ ជំហានទី១ក្រោមហិរញ្ញប្បទានឥតសំណង់របស់សាធារណរដ្ឋប្រជាមានិតចិន។
* សម្ពោធអគារកាកបាទក្រហមស្រុក
នៅព្រឹកក្នុងថ្ងៃដដែលនេះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រែយ៍នៃគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគារកាកបាទ ក្រហមកម្ពុជាអនុសាខាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមនៅក្នុងពិធីដ៏សំខាន់នេះដែរ មានវត្តមានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោក ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង។
ក្នុងឱកាសនោះក៏មានការអញ្ជើញទទួលស្វាគមន៍ចំពោះវត្តមាន សម្តេចចៅហ្វាវាំង ពីសំណាក់លោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង មន្ត្រីសាខា អនុសាខាកាកបាទក្រហមខេត្តស្រុក លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជារាស្ត្រ ក្នុងមូលដ្ឋាន។
សម្តេចចៅហ្វាវាំង បានអញ្ជើញកាត់ខ្សែបូរជានិមិត្តរូបនៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារកាកបាទក្រហមកម្ពុជា អនុសាខាស្រុកជលគិរី និងបានអញ្ជើញទស្សនា ពិព័រណ៍សមិទ្ធផលរូបភាព ស្តីពីសកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហម ស្រុកជលគីរី ដែលបានខិតខំជួយសង្គ្រោះបងប្អូនប្រជារាស្រ្តនៅមូលដ្ឋានស្រុកនាពេល កន្លងមក។ ក្នុងពិព័រណ៍សមិទ្ធផលរូបភាពនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីសម្តេចចៅហ្វាវាំង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលកាកបាទក្រហម កម្ពុជា ព្រមទាំងសប្បុរសជននានា និងអាជ្ញាធរដែនដីមន្ត្រីសាខា អនុសាខាកាកបាទ ក្រហមខេត្តស្រុក បានធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មនៃការជួយសង្គ្រោះបងប្អូន ប្រជារាស្ត្ររងគ្រោះនៅស្រុកជលគីរី ដែលជាជនងាយទទួលរងគ្រោះជនក្រីក្រ ជនរងគ្រោះដោយធម្មជាតិ និងរងគ្រោះដោយឧប្បទ្ទវហេតុផ្សេងៗ បានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
បន្ទាប់មកសម្តេចចៅហ្វាវាំង បានអញ្ជើញទស្សនាអគារទីស្នាក់ការកាកបាទ ក្រហមកម្ពុជាអនុសាខាស្រុកជលគីរីដ៏មានសារៈសំខាន់នេះ។ អគារទីស្នាក់ការអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកជលគិរីចាប់ផ្តើមសាងសង់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដែលមានទំហំទទឹង៩ម៉ែត្រ និងបណ្តោយ១០,៥០ម៉ែត្រ និងបានបញ្ចប់ការងារសាងសង់នៅ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្នុងកម្មវិធីដ៏សំខាន់មួយទៀត សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលកាកបាទ ក្រហមកម្ពុជា បានបំពេញនៅក្នុងថ្ងៃនេះដែរ សម្តេចចៅហ្វាវាំងបានជួបសំណេះសំណាល និងចែកជូនអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋ ជាជនចាស់ជរាគ្មានទីពឹងស្ត្រីមេម៉ាយ មានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកមានជម្ងឺរាំរ៉ៃចំនួន ៣០៤គ្រួសារ មកពីបណ្តាភូមិឃុំនានាក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
អំណោយដ៏សប្បុរសថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលសម្តេច ចៅហ្វាវាំង រួមសកម្មភាពដោយថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងអាជ្ញាធរដែនដី បានចែកជូនដល់បងប្អូន ជួបការលំបាកទាំង៣០៤គ្រួសារ ក្នុងគ្រួសារ នីមួយៗទទួលបាន នំប៉័ង១ដើម, ទឹកបរិសុទ្ធ១ដប, ម៉ាស១, អង្ករចំនួន៣០គ.ក, មី១កេស, ត្រីខ១០កំពង់, មុង១, ភួយ១, សារុង១, ក្រម៉ា១, សាប៊ូ២ដុំ, និងថវិកាចំនួន២០ពាន់រៀល៕