(រតនគិរី)៖ ក្នុងឱកាសដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បានឲ្យដឹងថា ខេត្តរតនគិរីបានត្រៀមស្វាគមន៍រួចជាស្រេច ចំពោះដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់ចំនួន៣៧ទីតាំង ត្រូវបានកក់បន្ទប់សម្រាប់ស្នាក់នៅជាង ៦០%ទៅហើយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បានអះអាងថា ចំនួននេះអាចកើនឡើងជាបន្តទៀត ប្រសិនអាកាសធាតុអំណោយផល មិនមានភ្លៀង តែប៉ុន្មានថ្ងៃនេះខេត្តរតនគិរី កំពុងមានភ្លៀងធ្លាក់ ដូច្នេះភ្ញៀវអាចស្ទាក់ស្ទើរក្នុងការដើរលេង។ លោកថា សណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តចំនួន៣៧ ហើយមានបន្ទប់ប្រមាណជាង ១,០០០បន្ទប់ បានត្រៀមរួចជាស្រេច ដើម្បីនឹងទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិជាពិសេសនោះ គឺភ្ជាប់ដោយគោលការណ៍អនាម័យដែលក្រសួងសុខាភិបាលបានដាក់ចេញ សំដៅការពារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
លោកបន្ថែមថា សណ្ឋាគារ ផ្ទះសំណាក់ ខាងមន្ទីរបានអញ្ជើញម្ចាស់ និងអ្នកគ្រប់គ្រងទាំងអស់មកធ្វើការអប់រំណែនាំពីវិធានការចាំបាច់នានា ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពជឿជាក់ដល់ភ្ញៀវ ដូចជាគ្រប់សណ្ឋាគារផ្ទះសំណាក់ត្រូវមានឡាបូសម្រាប់លាងសម្អាតដៃ ព្រមទាំងត្រូវបាញ់អាល់កុល ជូនភ្ញៀវមុននឹងឲ្យចូលបន្ទប់ស្នាក់នៅជាដើម។
ដោយឡែក កន្លែងរមណីយដ្ឋាន និងអាហារដ្ឋាននានា ក៏ត្រូវអនុវត្តដូចគ្នានេះដែរ មុននឹងទទួលភ្ញៀវឲ្យចូលទស្សនាកម្សាន្ត និងទទួលទានអាហារ ហើយកន្លែងគោលដៅទេសចរណ៍ ទាំងអស់ក៏បានដាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពីវិធានការណ៍មួយចំនួន ទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីជាការពញ្ញាក់ស្មារតីភ្ញៀវឲ្យចូលរួមការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះគ្រប់ពេលវេលា ពីព្រោះថា មនុស្សអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩មិនភ្លេចមនុស្សឡើយ។
ទន្ទឹមនោះដែរលោក ង៉ែត ពិទូ បានអំពាវនាវឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចគ្រប់សេវាកម្មទេសចរណ៍ទាំងអស់កុំមានការតម្លើងថ្លៃក្នុងរយៈពេល៥ថ្ងៃនេះ ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចូលមកលេងកម្សាន្ដក្នុងខេត្តរតនគិរី សូមបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់នូវវិធានការអនាម័យ ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាង និងជំងឺកូវីដ-១៩ កុំឲ្យមានរលកទី២នៃការរាតត្បាតជំងឺនេះក្នុងសហគមន៍ផងដែរ៕