(ភ្នំពេញ)៖ តាមរយៈឃ្លីបខ្លីមួយដែលបាននិងកំពុងចែកចាយក្នុងបណ្ដាញសង្គម Facebook បង្ហាញពីសកម្មភាពរបស់នគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបទល្មើសគ្រឿងញៀន មួយករណីនៅខុនដូរ ក្នុងទីក្រុងកោះពេជ្រ កាលពីប៉ុន្មានថ្ងៃមុននេះ។ វីដេអូនេះបានឃើញកម្លាំងសមត្ថកិច្ចមួយក្រុម ចុះទៅដល់បន្ទប់របស់ជនសង្ស័យ ហើយត្រូវជនសង្ស័យបាញ់តដៃមកលើសមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចនាំគ្នារត់ចេញមកវិញ។
ក្រោយឃើញរូបភាពតាមវីដេអូនេះ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម Facebook បាននាំគ្នាចែកចាយ និងបានបញ្ចេញមតិយោបល់លក្ខណៈ សើចចំអកមកលើសមត្ថកិច្ច ដែលចូលទៅដោយមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ និងមិនបានដឹងពីស្ថានភាពច្បាស់របស់ក្រុមជនល្មើសថាតើ ពួកគេមានអាវុធក្នុងដៃឬអត់?។
ឆ្លើយតបនឹងការលើកឡើងនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានចេញមក សម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសើចចំអកមកលើកម្លាំងសមត្ថកិច្ច ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ដោយនាយឧត្តមសេនីយ៍ បានចាត់ទុកថា នេះជាបទពិសោធន៍ជាក់ស្ដែង នៅពេលចុះបង្ក្រាបបទល្មើស មិនងាយស្រួលដូចអ្នកអង្គុយមើល ហើយសើចនោះទេ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានទទួលស្គាល់ថា នេះជារឿងពិតនៅពេលសមត្ថកិច្ចចុះបង្ក្រាបបទល្មើសគ្រឿងញៀន ហើយត្រូវបានក្រុមជនល្មើសបាញ់តដៃ ដែលនាំឲ្យសមត្ថកិច្ចនាំគ្នារត់គេច ប៉ុន្ដែប្រជាពលរដ្ឋមិនត្រូវសើចចំអកនោះទេ ព្រោះនេះប្រៀបដូចជាការចូលសមរភូមិយ៉ាងដូច្នេះដែរ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងយ៉ាងដូច្នេះថា «យើងមិនត្រូវយករឿងប្រតិបត្តិការរបស់សមត្ថកិច្ច មកសើចលេងនោះទេ ព្រោះប្រតិបត្តិការនេះពេលខ្លះអាចឈានទៅដល់ការបង់ជីវិត ដើម្បីការងារប្រទេសជាតិ។ យើងក៏ទទួលស្គាល់ដែរថា បងប្អូនយើងខ្លួនខ្វះខាត មិនទាន់មានពិសោធន៍ ក្នុងការបង្ក្រាប ប៉ុន្ដែពេលនោះអ្នកមានបទពិសោធន៍ក៏ទប់ទល់ជាមួយជនល្មើស ហើយខ្លះមិនទាន់មានពិសោធន៍ក៏ដកថយវិញ»។
អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានអះអាងទៀតថា នាយឧត្តមសេនីយ៍សន្ដិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺតែងតែក្រើនរំលឹក និងណែនាំជាប់ជាប្រចាំ ធ្វើយ៉ាងណាឲ្យពង្រឹងសមត្ថភាពរបស់មន្ដ្រីអ្នកអនុវត្តច្បាប់ និងត្រូវប្រុងប្រយ័ត្នជានិច្ចពេលបំពេញប្រតិបត្តិការ ព្រមទាំងក្ដាប់សភាពការណ៍ឲ្យបានច្បាស់មុនចុះប្រតិបត្តិការ ដោយសហការជាមួយសមត្ថកិច្ចមូលដ្ឋានផងដែរ។
នាយឧត្តមសេនីយ៍ អគ្គស្នងការរង ក៏បានអំពាវនាវដល់ម្ចាស់ទីតាំងនីមួយៗ ដែលមានកាមេរ៉ាសុវត្ថិភាព សូមរក្សាការសម្ងាត់សកម្មភាពក្នុងវីដេអូនោះ ព្រោះសមត្ថកិច្ចត្រូវប្រើប្រាស់ រូបភាពទាំងអស់នោះ ដើម្បីឈានទៅបង្ក្រាបមេក្លាងជាបន្ដបន្ទាប់ ពោលមិនត្រូវឲ្យមានការបែកធ្លាយដូចករណីនេះឡើយ។
សូមបញ្ជាក់ថា មានការបាញ់រះតដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅម៉ោងជាង១០ យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅពេលចុះបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងនោះជនសង្ស័យជាជនជាតិចិន ២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈមេក្លោងដែលបាញ់តដៃជាមួយសមត្ថកិច្ចនោះ មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ៕