(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច កំពុងពិចារណារួបរួមជាមួយ គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ ហេីយក៏កំពុងពិចារណាចំពោះ អតីតមន្ត្រីជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប ដែលស្នើសុំចូលរួមជាមួយ គណបក្សខ្លួនវិញផងដែរ ដេីម្បីស្តារប្រជាប្រិយភាពឡេីងវិញ ក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០នេះ ក្នុងឱកាសនៃកិច្ចប្រជុំកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ស្ដីពីផែនការសកម្មភាពគណបក្សហ៊្វុនស៊ិនប៉ិច លោក សាយ ហាក់ អនុប្រធានគណបក្សហ្វុនស៊ិនប៉ិច បានអះអាងថា គណបក្សកំពុងពង្រឹងសាមគ្គីផ្ទៃក្នុងរបស់ខ្លួន ដោយពង្រឹងសមាជិក សមាជិការបស់ខ្លួនទាំងអស់ ដើម្បីមានគោលជំហររឹងមាំ និងមានយុទ្ធសាស្ត្រផ្សេងៗក្នុងការដឹកនាំ ព្រមទាំងពង្រីកវិសាលភាពប្រជាប្រិយភាពរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋគ្រប់ទិសតំបន់ ។ ក្នុងន័យនេះ លោក សាយ ហាក់ ចង់សំដៅបន្ថែមលើការរួមរួមជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោកញឹក ប៊ុនឆៃ ខណៈការសម្រេចពុំទាន់ច្បាស់នៅឡើយទេ នៅរង់ចាំការសម្រេចព្រះទ័យពីសំណាក់ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាមុនសិន ក្រោយព្រះអង្គយាងពីការព្យាបាលព្រះរាជសុខភាពពីប្រទេសបារាំង ។
ទន្ទឹមនឹងសារនេះដែរ ម្ចាស់ក្សត្រីនរោត្តមម៉ារី ក៏បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ឲ្យរួបរួមគ្នាជាធ្លុងមួយ ដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងបង្កើនប្រជាប្រិយរបស់គណបក្សទៅដល់សហគមន៍ក្នុងន័យបង្កើនទំនាក់ទំនងល្អជាមួយប្រជារាស្ត្រខ្មែរឱ្យកាន់តែច្រើនឡើងៗ ដើម្បីទទួលបានគាំទ្រគ្រប់ទិសទី ។
ម្ចាស់ក្សត្រីនរោត្តមម៉ារី ក៏បានអំពាវនាវប្រជារាស្ត្រទាំងអស់ សូមគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម ដើម្បីដឹកនាំប្រទេសជាតិឱ្យមានការរីកចំរើនឡើងទៅមុខជាលំដាប់ ស្របតាមការពាក្យបណ្ដាំរបស់សម្ដេចព្រះបរមរតនកោដ នរោត្តម សីហនុ ឱ្យជាតិរួបរួមជាតិជាធ្លុងមួយ ដើម្បីអនាគតកូនចៅប្រជារាស្ត្រ និងប្រទេសជាតិឱ្យគង់វង្ស សំបូរសប្បាយ និងមានការរីកចម្រេីនខ្លាំងឡើងៗជាលំដាប់ ៕