(ភ្នំពេញ)៖ សំឡេងឆ្នោតចំនួន ៧៩% បានគាំទ្រថា វិធានការរបស់រាជរដ្ឋាភិបាលក្នុងការចាប់ខ្លួន ការចោទប្រកាន់ និងឃុំខ្លួន រ៉ុង ឈុន គឺមិនរំលោភច្បាប់និងសិទ្ធិមនុស្សឡើយ ខណៈសំឡេងឆ្នោតត្រឹមតែ ២១%ប៉ុណ្ណោះថា ការអនុវត្តច្បាប់នេះរំលោភច្បាប់និងសិទ្ធិមនុស្ស។ នេះគឺជាលទ្ធផលដែលបានបង្ហាញឡើងនៅលើទំព័រហ្វេសប៊ុកអង្គការ ខុមហ្វ្រែលរបស់គល់ បញ្ញានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ក្រោយអង្គការនេះបានស្នើអញ្ជើញអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកចូលរួមបោះឆ្នោត និងផ្តល់យោបល់រយៈពេល៦ ថ្ងៃ និងបានបញ្ចប់នៅថ្ងៃអាទិត្យនេះ។ លទ្ធផលនៃការស្ទង់មតិរបស់អង្គការខុមហ្វ្រែលនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋកម្ពុជាបានគាំទ្រចំណាត់ការ ផ្នែកច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាទៅ លើក្រុមអ្នកបំពុលសង្គម បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
តាមរយៈលទ្ធផល នេះក៏បង្ហាញផងដែរថា ពលរដ្ឋខ្មែរបានរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាការពារថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពដែលជាអាទិភាពរបស់ប្រទេស និងជាគ្រឹះនៃការការពារ និងការថែរក្សាសន្តិភាពរបស់ប្រទេសជាតិ។
រ៉ុង ឈុន ដែលគេស្គាល់ថា ជាអ្នកជំនាញអាជីពញុះញង់បង្កចលាចលសង្គមនៅកម្ពុជាត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះ
អាសន្នពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។
ក្រោយមកមនុស្សចំនួន៦នាក់ទៀតក៏ត្រូវ បានចាប់ខ្លួនពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនេះដែរ ក្រោយពីមានការអប់រំណែនាំពន្យល់មិន ស្តាប់ពីសំណក់អាជ្ញាធរ ហើយពួកគេបាន ទទួលបទបញ្ជាដោយផ្ទាល់ពីក្រុមមេរដ្ឋប្រហារដែលរស់នៅក្រៅប្រទេស និងជនបរទេសឱ្យឆ្លៀតឱកាសនៃការតវ៉ាឱ្យដោះលែង រ៉ុង ឈុន ជាឱកាសនៃការបំផ្ទុះ ការតវ៉ាចុះតាមដងផ្លូវបង្កើតជាចលនាបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល និងផ្តួលរំលំរបបដឹកនាំតាមរយៈបដិវត្តន៍ពណ៌ដោយប្រើប្រាស់កម្លាំងប្រជាពលរដ្ឋ។
ប៉ុន្តែផែនការឧបាយកលទុច្ចរឹតរបស់ក្រុម ជ្រុលនិយមទាំងនេះបានទទួលបរាជ័យជាបន្តបន្ទាប់។ បរាជ័យដោយសារតែជាទង្វើខុសច្បាប់ផងហើយជាពិសេសជាងនេះគឺ ទង្វើដែលក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុងតែធ្វើការញុះញង់ដុតបំផ្លាញសង្គមកម្ពុជា បង្កភាពវឹកវរផ្នែកសន្តិសុខសង្គមនេះគឺមិនត្រូវបានគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋខ្មែរឡើយ។ លទ្ធផលនៃការស្ទង់មតិរបស់អង្គការខុមហ្វ្រែលបង្ហាញថា ប្រជាពលរដ្ឋខ្មែររហូតដល់៧៩% ឯណោះដែលយល់ថាវិធានការច្បាប់របស់ រាជរដ្ឋាភិបាលកម្ពុជាលើក្រុមជ្រុលនិយម ទាំងនេះគឺជាភាពស្របច្បាប់និងស្របតាមគោលការណ៍សិទ្ធិមនុស្ស ហើយប្រជាពលរដ្ឋខ្មែប្រឆាំងដាច់ខាតទង្វើក្បត់ជាតិ ក្បត់ប្រជាជនរបស់ក្រុមជ្រុលនិយម។
ការគាំទ្រដ៏លើសលុបលើ វិធានការនេះជាសារប្រាប់ដល់ក្រុមជ្រុល និយមទាំងនៅក្រៅប្រទេសដែលកំពុងបំភ្លៃការពិត និងនៅក្នុងប្រទេសមួយចំនួន តូចដែលកំពុងដើរស្រែកឡូឡាតាមដងផ្លូវ ថាអ្វីដែលពលរដ្ឋចង់បានគឺការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមក្រោមដំបូលនៃសន្តិភាព និងបង្ហាញថាអ្វីដែលអាជ្ញាធរបាននិងកំពុងចាត់វិធានការតាមផ្លូវច្បាប់ទៅលើ រ៉ុង ឈុន និងក្រុមជ្រុលនិយមជាអតីតសមាជិកខ្មោចបក្សប្រឆាំង ក្រុមយុវជនជាឧបករណ៍ នយោបាយបដិវត្តន៍ពណ៌ និងអ្នកនយោបាយស្ទើរភ្លើងមួយចំនួនគឺជាការអនុវត្តច្បាប់មួយសំដៅធានានូវស្ថេរភាព សុវត្តិភាពសន្តិសុខសង្គម ហើយវាជារឿងចាំបាច់បំផុតដែលត្រូវធ្វើ។
ម្យ៉ាងទៀតលទ្ធផលនៃការស្ទង់មតិរបស់ អង្គការខុមហ្វ្រែលនេះបង្ហាញកាន់តែច្បាស់ទៀតថា ពលរដ្ឋខ្មែរមិនគាំទ្រ ទង្វើស្មោគគ្រោកបំផ្លិចបំផ្លាញជាតិរបស់ក្រុម ជ្រុលនិយមឡើយ ប៉ុន្តែប្តេជ្ញាពួតដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីការពារដាច់ខាតសុខសន្តិភាព ស្ថិរភាពនយោបាយដែល កម្ពុជារកបាន ដោយពិបាកនេះ និងចូលរួមថែរក្សាការពារសន្តិភាពមានអាយុកាល២១ឆ្នាំមកហើយនេះឱ្យបានយូរអង្វែងរាប់ជំនាន់ទៅមុខទៀត។
លទ្ធផលនេះក៏ផ្តល់នូវភស្តុតាង បន្ថែមបញ្ជាក់ជូនដល់បរទេសទាំងឡាយ ថាពលរដ្ឋកម្ពុជាចង់បានសន្តិភាព និងស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ហើយមិនត្រូវការការអនុវត្តសិទ្ធិ សេរីភាពបែបដាច់បង្ហៀររបស់ក្រុមប្រឆាំងជ្រុលនិយមទេ ហើយក៏ជាសារដល់បរទេសទាំងឡាយថា ការអនុវត្តច្បាប់របស់រដ្ឋាភិបាលគឺជាការពង្រឹងនីតិរដ្ឋ និងការពង្រឹងការអនុវត្តច្បាប់ គឺជាមូលដ្ឋានក្នុងការថែរក្សាស្ថិរភាព នយោបាយ សន្តិសុខសង្គម សណ្តាប់សាធារណៈ និងសុវត្ថិភាពរបស់ប្រជាជន។ លទ្ធផលស្ទង់មតិនេះគឺជាការពិតដែលប្រជាជន បានបង្ហាញប្រាប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិថា ពលរដ្ឋកម្ពុជាយល់ច្បាស់ណាស់ពីតម្លៃសុខសន្តិភាព ស្ថិរភាពនយោបាយ ហើយទង្វើរបស់ក្រុមជនក្បត់ជាតិ និងក្រុម ជ្រុលនិយមមិនទទួលបានស្វាគមន៍ឡើយ។
ប្រជាពលរដ្ឋកម្ពុជាសង្ឃឹមនិងជឿជាក់ថា អង្គការខុមហ្វ្រែលនឹងផ្តល់ភាពយុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិធានការការពារសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមនេះ តាមរយៈការហ៊ានទទួលស្គាល់ការពិត និងហ៊ានប្រកាសជាសាធារណៈលើលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងបានឮគ្រប់ៗគ្នា ប្រសិនបើអង្គការនេះមានឯករាជ្យ អព្យាក្រឹត្យ មិនរកកម្រៃ និងមិនទទួលឥទ្ធិពលពីគណបក្សនយោបាយ ឬពីបរទេសណាមួយពិតប្រាកដមែននោះ។
ករណីនេះដូចគ្នានឹងវិទ្យុអាស៊ីសេរីដែរដែលកាលពីចុងឆ្នាំ ២០១៨ កន្លងទៅបានរៀបចំការស្ទង់មតិសាធារណជនថា តើរាជរដ្ឋាភិបាលអាណត្តិទី៦ ស្របច្បាប់ដែរឬទេ? ពេលនោះប្រជាពលរដ្ឋខ្មែរចំនួនជាង ៩០% បានបោះឆ្នោតបញ្ចេញមតិថា «រាជរដ្ឋាភិបាលអាណត្តិទី៦ ជារដ្ឋាភិបាលស្របច្បាប់» វិទ្យុអាស៊ីសេរី បានរុញការប៉ុស្តិ៍នោះទៅក្រោមដែរ ហើយថែមទាំងលាក់លទ្ធផលនៃការស្ទង់មតិនេះ មិនផ្សព្វផ្សាយឱ្យសាធារណជនបានដឹងរហូតមកទល់នឹងសព្វថ្ងៃនេះ។ ពួកគេគួររៀនទទួលស្គាល់ការពិត និងទទួលស្គាល់ឆន្ទៈពិតប្រាកដ និងគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ដែលប្រាថ្នាឱ្យជាតិនិងប្រជាជនរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ មិនមែនការញុះញង់ បង្កចលាចល អស្ថិរភាពនយោបាយសង្គមឡើយ ហើយលទ្ធផលនៃការស្ទង់មតិរបស់អង្គការខុមហ្វ្រែលនេះគឺជាភស្តុតាងស្រាប់។ ក្នុងសង្គមប្រជាធិបតេយ្យ គេគោរពមតិភាគច្រើន ហើយលទ្ធផលនៃការស្ទង់មតិនេះជាការបង្ហាញពីភាពចាស់ទុំនៃប្រជាធិបតេយ្យនៅកម្ពុជាផងដែរ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០