(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ ខាងរដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (ស.ស.យ.ក) បានបិទផ្លូវមួយចំនួន តាមផែនទីដែលបានបង្ហាញមកជាមួយនេះ ដើម្បីទុកលទ្ធភាពជូនតំបន់នីមួយៗ នៃកម្មវិធី «សម្រាកសៀមរាប» មានពេលគ្រប់គ្រាន់ក្នុងការរៀបចំទីតាំងរបស់ខ្លួន និងរៀបចំវិធានការពារ បង្ការការឆ្លងនៃជំងឺកូវីដ-១៩។

ក្នុងនោះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចេញវីដេអូ ក្រោមចំណងជើងថា «សៀមរាបសូមស្វាគមន៍ និងចូលរួមប្រយុទ្ធប្រឆាំងមេរោគ កូវីដ-១៩»

ការប្រកាបិទផ្លូវបណ្តោះអាសន្ននេះ គឺនៅលើកំណាត់ផ្លូវជុំវិញកន្លែងប្រារព្ធពិធី និងផ្លូវសំខាន់ៗ មួយចំនួន នៅក្នុងក្រុងសៀមរាប ដូចខាងក្រោម៖

* កំណាត់ផ្លូវជាតិលេខ៦ (ផ្លូវមុខព្រះរាជដំណាក់) ចាប់ពីចំណុចគល់ស្ពានថ្មព្រះរាជដំណាក់ ដល់ចំណុចមុខសណ្ឋាគារ J7 ចាប់ពីម៉ោង ១២៖០០នាទី ថ្ងៃត្រង់ ដល់ម៉ោង ២១៖០០នាទីយប់

* កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិចមាត់ស្ទឹង) ចាប់ពីចំណុច ស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ចំណុចស្ពានវត្តរាជបូព៌ និងកំណាត់ផ្លូវដែលច្រកចូលមកកាន់ ផ្លូវពោធិ៍កំបោរ (ផ្លូវខាងលិច មាត់ស្ទឹង) ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ២១៖០០នាទីយប់

* កំណាត់ផ្លូវស៉ីវត្ថា ចាប់ពីចំណុចអតីតសាលាមត្តេយ្យត្រីកោណ ដល់ចំណុចផ្លូវចូលសុខសាន្ត ចាប់ពីម៉ោង ១៨៖០០នាទីល្ងាច ដល់ម៉ោង ២៤៖០០នាទីយប់។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមកុំភ្លេចនូវចំណុចចំនួន ៣ដែលសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តវិធានការ ការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក។

ចំណុចសំខាន់ទាំង៣ រួមមាន៖

*ទី១៖ កុំភ្លេច ត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា
*ទី២៖ កុំភ្លេច ជែល ឬអាល់កុលលាងដៃ «យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ»
*ទី៣៖ កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម «ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩»។

សូមរំលឹកថា ចំពោះកម្មវិធីវិញ មានដូចជា៖

*កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
*កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
*កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
*ផ្សារទឹក
*ផាប់ស្ទ្រីត
*កម្មវិធីជិះកង់
*កម្មវិធីកីឡាវាយកូនហ្គោល
*កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
*មានកម្មវិធីផ្ទាំងទស្សនីយភាពសិល្បៈចាប់ពីថ្ងៃទី១៧ រហូតដល់ ទី២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ៕