(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ឲ្យធនាការ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ រឹបអូសទ្រព្យសម្បត្តិអ្នកណា ដែលធ្វើតាមលោក សម រង្ស៉ី មេឧទ្ទាមខុសច្បាប់ ដែលកំពុងរត់ចោលស្រុក បើពួកគេមិនសងលុយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ។
ការជំរុញបន្ថែមរបស់សម្តេចបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញទស្សនកិច្ច និងបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីជាការឆ្លើយតប និងជាការព្រមាន ខ្ញុំបានប្រកាសថា បើអ្នកណាមួយធ្វើតាមមេឧទ្ទាមរត់ចោលស្រុក មិនព្រមសងលុយធនាគារ មិនព្រមសងលុយមីក្រូហិរញ្ញវត្ថុ លើកទឹកចិត្តឲ្យមានការរឹបអូស ឥឡូវស្ងាត់ឈឹង»។
ទោះយ៉ាងណា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានទទួចសុំដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថទាំងអស់យោគយល់ និងធ្វើការរៀបចំឥណទានឡើងវិញ ចំពោះកូនបំណុលដែលជំពាក់ធនាគារ ហើយអនុវត្តន៍បានត្រឹមត្រូវតាមកិច្ចសន្យាខ្ចីប្រាក់។ សម្តេចបានឲ្យដឹងទៀតថា មានជនបរទេសមួយចំនួន និយាយអំពីក្របខណ្ឌឥណទានមីក្រូហិរញ្ញវត្ថុ ដែលថាសម្តេចលើកទឹកចិត្តឲ្យមានការរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈមានវិបត្តិជាសកលកូវីដ១៩ ហើយនេះផ្ទុយពីការពិតទាំងស្រុង ព្រោះសម្តេចមានតែអំពាវនាវ ឲ្យមានការយោគយល់ចំពោះកូនបំណុល។
«ឥឡូវខ្ញុំនៅតែនិយាយដដែល ខ្ញុំអង្វរកធនាគារ អង្វរកមីក្រូហិរញ្ញវត្ថុ យោគយល់ចំពោះការលំបាក នៅក្នុងការសងប្រាក់ ទៅកាន់ធនាគារ ហើយអំពាវនាវឲ្យមានការរៀបចំឥណទានឡើងវិញ»។ នេះជាប្រសាសន៍បញ្ជាក់បន្ថែម របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចបានរិះគន់ដល់ក្រុមប្រឆាំងថា នៅក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលកំពុងតែទន់ភ្លន់ និងកំពុងតែអំពាវនាវដល់មីក្រូហិរញ្ញវត្ថុ និងធនាគារ ឲ្យមានការយោគយល់ កុំឲ្យមានការរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល អំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ បែរជាមានចលនាពីក្រៅប្រទេស រុញឲ្យអ្នកនៅក្នុងប្រទេស ទៅដកលុយពីធនាគារ និងកុំឲ្យកូនបំណុល សងលុយធនាគារទៅវិញ។
បើតាមសម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មានកិច្ចការងារចំនួន២ដែលក្រុមប្រឆាំងនៅក្រៅស្រុកជំរុញឲ្យប្រជាពលរដ្ឋ នៅក្នុងប្រទេសធ្វើនោះ រួមមាន៖ ទី១ ធ្វើចលនាឲ្យអ្នកនៅក្នុងប្រទេស ទៅដកលុយចេញពីធនរគារ ដើម្បីឲ្យធនាគារកម្ពុជាដួលរលំ ចំណែកឯទី២ កុំឲ្យប្រជាពលរដ្ឋខ្មែរ ដែលជំពាក់លុយធនាគារ និងមីក្រូហិរញ្ញវត្ថុសងលុយ ដែលពួកខ្លួនជំពាក់។
សកម្មភាពរបស់ក្រុមប្រឆាំងបែបនេះ គឺចង់ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានបញ្ហា។ យ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់កូនបំណុលភាគច្រើន មិនធ្វើតាមការអុជអាលរបស់ក្រុមប្រឆាំងឡើយ។
ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសហៅក្រុមប្រឆាំងនៅក្រៅប្រទេស ដែលអំពាវនាវប្រជាពលរដ្ឋ ឲ្យមកធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ឲ្យចូលមកដឹកនាំបាតុកម្មនៅក្នុងប្រទេស ដោយសម្តេចជាអ្នកបញ្ជូនយន្តហោះទៅដឹកថែមទៀត បើអ្នកប្រឆាំងទាំងនោះ ហ៊ានចូលប្រទេសកម្ពុជា តាមអ្វីដែលពួកគេបានអំពាវនាវក្តែងៗ។
ការប្រកាសហៅក្រុមប្រឆាំងដែលរត់ចោលស្រុកនេះ បានធ្វើឡើងក្រោយក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច តែងតែធ្វើចលនាអុជអាល ញុះញង់ដល់ប្រជាពលរដ្ឋខ្មែរ និងកម្មករ កម្មការិនី តាមរយៈបណ្តាញសង្គម ទាំងងងឹតងងុល ឲ្យងើបប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាចេតនាបង្កឲ្យសង្គមកម្ពុជាជួបភាពវឹកវរ និងអណាធិបតេយ្យ។
ចំណុចអុជអាលរបស់ក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេសទាំងអស់នេះ គឺស្តែងបញ្ជាក់យ៉ាងថា ក្រុមប្រឆាំងនៅក្រៅស្រុក មិនដែលគិតគូរពីបញ្ហារបស់ប្រជាជនកម្ពុជា ម្តងណានោះឡើយ ហើយរាល់នយោបាយប្រជាតិថុរបស់ក្រុមប្រឆាំង គឺដើម្បីតែអំណាចបក្ខពួករបស់ខ្លួនតែប៉ុណ្ណោះ ពោលពួកគេមិនដែលយកបញ្ហាជាតិជាធំនោះទេ ខណៈដែលប្រទេសកម្ពុជា កំពុងតែជួបនូវវិបត្តិរាតត្បាតជំងឺវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានរិះរកវិធីគ្រប់បែបយ៉ាង ដើម្បីជួយស្រោចសេដ្ឋកិច្ចជាតិ និងស្តារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនីនៅទូទាំងប្រទេស ដែលមានមួយចំនួនបានប៉ះពាល់ការងារប្រចាំថ្ងៃ ព្រោះតែវិបត្តិនេះផងដែរ។
បុរសខ្លាំងកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ៖ «អានោះវាអំពាវនាវឲ្យចេញមកតាំងពីកម្មករ តាំងពីកសិករ តាំងពីស្អីៗឲ្យចេញមក ធ្វើបាតុកម្មដើម្បីផ្លាស់ប្តូរនៅក្នុងពេលហ្នឹង។ ហ្អែងអញ្ជើញមក ហ្អែងមកខ្លួនឯងមក ហោះមក អញជួល Z Fly ១គ្រឿងទៅយក ហើយមកដល់អញអត់ធ្វើអីហ្អែង ឲ្យហ្អែងដឹកនាំបាតុកម្ម ហ្អែងសុខចិត្តទេ? […] បើហ្អែងសុខចិត្តរៀបចំដើម្បីវិលត្រឡប់ អញបញ្ជូន Z Fly មួយឲ្យហោះទៅយកហ្អែង មកដឹកនាំបាតុកម្មនៅស្រុកខ្មែរ»៕