(កំពង់ស្ពឺ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា ដោយមានការចូលរួម ពីប្រជាពុទ្ធបរិស័ទ ជាញាតិព្រះធម៌ មកពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ បានដាំកូនឈើជិត៣០០ដើម នៅក្នុងមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ។
មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានថ្លែងថា «ថ្ងៃនេះដោយមានសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទជិតឆ្ងាយ បានចូលរួមដាំកូនឈើប្រណិតៗរួមមាន៖ កូន ឈើក្រញូង បេង និង នាងនួនជាដើម នៅជុំវិញបរិវេណប្រាសាទនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។ គិតមកដល់ពេលនេះ ពុទ្ធបរិស័ទ ញាតិព្រះធម៌ មកពីបណ្តារាជធានី-ខេត្តនានា បានដាំកូនឈើបានចំនួន ១០ដងរួចមកហើយ កូនឈើសរុប ជាងចំនួន១៣,០០០ដើម»។
មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានថ្លែងបន្ដថា «ដើមឈើ មានសារៈសំខាន់ណាស់ ជា ជម្រក យ៉ាង ត្រជាក់ត្រជុំសម្រាប់ មនុស្ស និង សត្វ ដូច ជាដើមឈើ នៅ តាម ព្រៃ ភ្នំ ជា ជម្រក របស់ សត្វព្រៃ ទាំងឡាយ ជ្រក អាស្រ័យ ជាពិសេសដើមឈើជួយសម្អាតខ្យល់ និងផ្តល់អុកហ្សីសែនផងដែរ»។
ក្នុងឱកាសនោះ មហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីកត្តិបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំជាតិព្រះទាំងព្រះសង្ឃ និងញាតិព្រះធម៌ មកពីខេត្តសៀមរាបទាំងអស់ ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ ក្នុងបរិវេណនៃមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីបង្កើនគម្របបៃតងនៅក្នុងឧទ្យានជាតិគិរីរម្យបន្ថែមទៀត។
មហាឧបាសិកា បានបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជានេះ បានចាប់ផ្ដើមបង្កើត និងសាងសង់នូវប្រាសាទដំបូងគេមួយ នៅឆ្នាំ២០១៥ ដែលសាងសង់ប្រាសាទទី១នេះ បានជាង៩០%ហើយ ចំណាយថវិកាប្រមាណជាង៣លានដុល្លារ ដែលជាថវិកាចូលរួមពីពុទ្ធបរិស័ទ។ បច្ចុប្បន្នេះក្រៅពីប្រាសាទនេះ ក៏មានគម្រោងសាងសង់ជាច្រើនផ្សេងទៀត បាននឹងកំពុងកសាងជាបន្ដបន្ទាប់ ដើម្បីកសាងសមិទ្ធផលបម្រើលើវិស័យព្រះពុទ្ធសាសនា។
បច្ចុប្បន្ននេះ វិស័យកសិកម្មយើងក៏ទទួលរងនូវការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរ ពីបម្រែបម្រួលអាកាសធាតុ ការកើនឡើងនៃកម្តៅភពផែនដី ដែលបង្ករឱ្យមានជារៀងរាល់ឆ្នាំ នូវគ្រោះរាំងស្ងួត ទឹកជំនន់ភាពរេចរិល ដីកសិកម្ម និងការរីករាលដាល នៃជំងឺឆ្លងសត្វល្អិតចង្រៃ លើដំណាំជាដើម។ យ៉ាងណាមិញយើងក៏ទទួលស្គាល់ថា ព្រៃឈើមានទំនាក់ទំនងជាសាវ័ន្តជាមួយជីវិតលើភពផែនដី។
នេះជាកត្តាសត្យានុម័ត និងអត្តនោម័តព្រៃឈើ បានផ្តល់នូវពហុប្រយោជន៍ មិនអាចប៉ាន់ប្រមាណ បានដល់មនុស្សជាតិហើយព្រៃឈើ មិនត្រឹមតែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិ ធ្វើឱ្យធាតុអាកាស មានភាពកាន់តែប្រសើរឡើង រក្សានិយ័ត ភាពប្រភពទឹក ការពារទីជម្រាល និងការពារ ជីវចម្រុះពោលគឺព្រៃឈើ មានទំនាក់ទំនងគ្នា យ៉ាងជិតស្និត ជាមួយកសិកម្ម។
ការដាំដើមឈើ និងការដាំរុក្ខជាតិ គ្រប់ប្រភេទ នឹងផ្តល់នូវបុណ្យកុសលដល់មនុស្សជាតិផងដែរ ដូចនេះត្រូវចូលរួមចំណែកការពារថែរក្សាបរិស្ថានធម្មជាតិ បរិស្ថានសង្គម និងបរិស្ថានវប្បធម៌ របស់ប្រជាជាតិកម្ពុជាយើងទាំងអស់គ្នា។
ទន្ទឹមនឹងការដាំដើមឈើឡើងវិញ ក៏ត្រូវរួមកម្លាំង គ្នាការពារថែរក្សា ព្រៃឈើ ព្រៃលិចទឹក ដែលមានស្រាប់ ឱ្យបានគង់វង្ស ដើម្បីរក្សាបានលំនឹងបរិស្ថាន មានបរិយាកាសល្អ ជាទីស្ថាន ដ៏សែនមនោរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ៕