(សៀមរាប)៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ មានការជួបជុំគ្នារបស់ក្រុមអ្នកជិះកង់ប្រមាណ ២០០នាក់ នៅទីធ្លាចំណតរថយន្តមុខគ្រឹះស្ថានអង្គរ នៃក្រុងសៀមរាប ក្នុងនោះមានក្រុមអ្នកចុះឈ្មោះជិះកង់ចម្ងាយ ៣១គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និងក្រុមអ្នកជិះកង់កម្សាន្តធម្មតាផងដែរ។
កម្មវិធីជិះកង់ធ្វើឡើងក្រោមប្រធានបទ «ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា» ដែលជាផ្នែកមួយនៃកម្មវិធីកម្សាន្ត «សម្រាកសៀមរាប» ត្រូវបានរៀបចំដោយអាជ្ញាធរខេត្តសៀមរាប, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, និងសហការដោយអាជ្ញាធរជាតិអប្សរា។
លោក លាង ឆុង សមាជិកក្រុមជិះកង់សុខភាពសៀមរាបអង្គរ និងជាអ្នកសម្របសម្រួលកម្មវិធី បានឲ្យដឹងថា នេះជាសកម្មភាពដើម្បីមនុស្សធម៌ ហើយកម្មវិធីនេះមាន ៣លើក គឺលើកទី១ នៅថ្ងៃទី១៦, លើកទី២ ដែលជាថ្ងៃបើកដំណើការផ្លូវការប្រារព្ធនៅថ្ងៃទី១៨, និងលើកទី៣ ដែលជាថ្ងៃបញ្ចប់ ធ្វើនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ ក្នុងនោះអ្នកជិះកង់ម្នាក់ ត្រូវបង់ប្រាក់ចំនួន ២៥ដុល្លារអាមេរិក ហើយថវិកាដែលបានមកពីការចុះឈ្មោះដោយស័្មគ្រចិត្តរបស់អ្នកជិះកង់ ក្នុងកម្មវិធីនេះ ត្រូវបានរាប់បញ្ជូលទៅក្នុងមូលនិធិសប្បុរសធម៌ នៃកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប។
លោកបានបញ្ជាក់ថា ដំណើរជិះកង់លើកទី១នេះ ត្រូវបានជិះចេញពីក្រុងសៀមរាប ចូលទៅក្នុងតំបន់ឧទ្យានអង្គរ ទស្សនាប្រាសាទតាព្រហ្ម បន្តជិះកំសាន្តក្នុងព្រៃធម្មជាតិអង្គរ ឆ្ពោះទៅប្រាសាទព្រះខ័ន្ធ និងបញ្ចប់នៅព្រះលានជល់ដំរី។ កម្មវិធីនេះ ត្រូវបានយកចិត្តទុកដាក់ ដល់ការការពារសុវត្តិភាពអ្នកចូលរួម និងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ប្រឆាំងជំងឺកូវីដ១៩ រួមទាំងបានដាក់ចេញផងដែរនូវក្រមសីលធម៌ ការពារបរិស្ថាន សណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ ក្នុងឱកាសទស្សនាប្រាសាទបូរាណ។
អ្នករៀបចំកម្មវិធី បានប៉ាន់ប្រមាណថា កម្មវិធីជិះកង់លើកទី២ នៅថ្ងៃទី១៨ និងលើកទី៣ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នឹងមានអ្នកចុះឈ្មោះចូលរួមច្រើនជាងលើកទី១។ កម្មវិធីនេះមានផ្តល់ជូនអ្នកចុះឈ្មោះចូលរួម នូវអាវយឺត អាហារពេលព្រឹកមុនចេញដំណើរ និងមានក្រុមការងារ តាមដានការសុវត្តិភាពជាប់ជាប្រចាំ ក្នុងពេលចូលទស្សនាប្រាសាទ នៅមានមគ្គទេសក៍ទេសចរណ៍ ង្ហាញជូនផងដែរ៕