(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ សាម៉ឺឌី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ បានចេញដីកាសម្រេចឲ្យឃុំខ្លួន ឃុំខ្លួនជនសង្ស័យ ដែលក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់។
បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា ជនសង្ស័យឈ្មោះ វឿន សារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ត្រូវបានឃុំខ្លួនពីបទ ឆបោក (ស្ថានទម្ងន់ទោស) ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តាមមាត្រា៣៧៧ និង៣៨០ នៃក្រមព្រហ្មទណ្ឌ។ ជនសង្ស័យរូបនេះ មានទីលំនៅ ផ្ទះលេខ៧៥ ផ្លូវ៩៩ ភូមិ០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្ត្រីនគរបាលជាន់ខ្ពស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៥ ខែសីហាម្សិលមិញថា កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបក្ខពួកផ្សេងៗទៀត នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។
មន្ត្រីដដែលបានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយកម្លាំងជំនាញបានចុះបង្ក្រាបករណីឆបោកប្រាក់ តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន១១ករណី ដោយមានការសម្របសម្រួលពីព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយជនសង្ស័យបានក្លែង ជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ ទំនាក់ទំនងទៅបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឲ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យម្តងមួយៗ ដោយមិនឲ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរស័ព្ទ ដែលពួកគេបានត្រៀមទុកឡើយ រួចក៏ឲ្យលេខកូដទៅបក្ខពួក ដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់។
ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមជនឆបោក។ បើមានករណីនេះកើតឡើង សូមមកដាក់ពាក្យបណ្តឹង នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៕