(ភ្នំពេញ)៖ ពិតដូចការទាយទុកមែន ! អង្គការបម្រើបរទេស និងបំផ្លាញជាតិឯងដូច ខុមហ្វ្រែល (Comfrel) មិនដែលហ៊ានចេញផ្សាយរបាយការណ៍ ស្ទង់មតិណាមួយដែល លទ្ធផលមិនស្របតាមគោលបំណង ដែលចៅហ្វាយនាយរបស់ខ្លួនចង់បាននោះឡើយ។
នៅទីបំផុត អង្គការនេះ បានអះអាងថា ការស្ទង់មតិនោះគ្រាន់តែជាការបញ្ចេញមតិ របស់សាធារណជនប៉ុណ្ណោះដែល ពួកគេមិនយកមកធ្វើជា របាយការណ៍ឡើយ។
សូមបញ្ជាក់ថា អង្គការ Comfrel បានបើកការស្ទង់មតិមួយតាមរយៈបណ្តាញសង្គមរបស់ខ្លួន ដើម្បីចង់ដឹងថា តើការចាប់ខ្លួនលោក រ៉ុង ឈុន ជាការរំលោទសិទ្ធិ ឬមិនមែន ជាការរំលោភសិទ្ធិមនុស្សទេ? រហូតមកដល់ថ្ងៃបិទការស្ទង់មតិនេះ លទ្ធផលបានបង្ហាញថា ៧៩% នៃអ្នកចូលទៅឆ្លើយសំណួរបានអះអាងថា ចំណាត់ការរបស់រដ្ឋាភិបាលទៅលើ រ៉ុង ឈុន ជារឿងត្រឹមត្រូវដែលមិនមែនជារឿងរំលោភសិទ្ធិមនុស្សឡើយ ខណៈដែលមានមតិត្រឹមតែ២១% ប៉ុណ្ណោះដែលអះអាងថា ការចាប់ខ្លួននេះជាការរំលោភសិទ្ធិមនុស្ស។
គ្រាន់តែឃើញលទ្ធផលបែបនេះ ភ្លាមនរណាៗ ក៏អាចដឹងបានរួចជាស្រេចថា អង្គការនេះនឹងផ្អឹបលទ្ធផលនេះ ទុកមិនយកមកផ្សាយឡើយដោយសារតែជា លទ្ធផលដែលមិនបានបំពេញ តាមបំណងចង់បានរបស់ខ្លួន និងចៅហ្វាយរបស់ខ្លួនឡើយ។ គេបានដឹងច្បាស់ថា គោលបំណងនៃការស្ទង់មតិនេះគឺ Comfrel ចង់បានលទ្ធផលអវិជ្ជមានអំពីករណីចាប់ខ្លួន រ៉ុង ឈុន ពោលគឺពួកគេចង់បានលទ្ធផលមួយដែលបង្ហាញថា ពលរដ្ឋខ្មែរភាគច្រើនលើសលប់ មិនសប្បាយចិត្តចំពោះការចាប់ខ្លួននេះ ដោយចាត់ទុកការចាប់ខ្លួន រ៉ុង ឈុន គឺជាការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែ ផ្ទុយពីនេះស្រឡះប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ដែលបាន ចូលរួមក្នុងការធ្វើប្រជាមតិនេះ បានបញ្ចេញទស្សនៈគាំទ្រចំណាត់ការ របស់រដ្ឋាភិបាលទៅវិញ។
ល្បិចទុច្ចរិតរបស់អង្គការ Comfrel មិនខុសអ្វីពីវិទ្យុអាស៊ីសេរីឡើយ។ វិទ្យុនេះ ធ្លាប់បានធ្វើការស្ទង់មតិតាមបណ្តាញសង្គមរបស់ខ្លួនម្តងដែរ អំពីភាព ស្របច្បាប់របស់រាជរដ្ឋាភិបាល នៅក្រោយការបោះឆ្នោតឆ្នាំ ២០១៨។ លទ្ធផលពេលនោះបានបង្ហាញថា ពលរដ្ឋខ្មែរភាគច្រើនលើសលប់អះអាងថា គឺជា រដ្ឋាភិបាលស្របច្បាប់។ ដោយសារលទ្ធផលនេះ មិនស្របតាមអ្វីដែលខ្លួនរំពឹងទុក វិទ្យុអាស៊ីសេរីក៏ផ្អឹបចោលទាំងស្រុងលទ្ធផលស្ទង់មតិនេះ។ នេះហើយចរិតពិតរបស់អង្គការសង្គមស៊ីវិល និងសារព័ត៌មានដែលអួតក្តែងៗថា «ឯករាជ្យ»។
ជារឿយៗ អង្គការ ឬបណ្តាញសារព័ត៌មានបម្រើបរទេស ទាំងនេះតែងតែចេញរបាយការណ៍នេះ របាយការណ៍នោះដែលបង្ហាញថា រដ្ឋាភិបាលដឹកនាំមិនល្អ ពលរដ្ឋមិនសប្បាយចិត្ត ហើយក៏នាំគ្នាផ្សាយព្រោងព្រាត។ ប៉ុន្តែគេមិនដែលដឹងថា តើអង្គការទាំងនោះបានប្រភពព័ត៌មានមកពីណានោះទេ? ជាទូទៅ ពួគគេច្រើនតែអះអាងជារួមៗថា បានធ្វើប្រជាមតិជាមួយប្រជាពលរដ្ឋ ឬកម្មករ កម្មការិនី ចំនួនប៉ុន្មាននាក់តាមដែលគេចង់ដាក់ ប៉ុន្តែពួកគេ មិនដែលបង្ហាញភស្តុតាងជាក់ស្តែងអំពីអ្នក ដែលពួកគេបានសាកសួរនោះឡើយ ពោលគឺតួលេខដែលពួកគេយកមកប្រើ គឺជាការបន្លំភ្នែកទាំងស្រុង ពីព្រោះវាជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បាន។ បើមិនដូច្នេះទេ ពួកគេជ្រើសរើសមនុស្សដែលស្ថិតក្នុង ក្រុមប្រឆាំងដូចគ្នាឲ្យមកឆ្លើយដើម្បីស្រង់យកចម្លើយ ដែលខ្លួនចង់បាន។
ជាក់ស្តែង ថ្មីៗនេះ អង្គការលីកាដូ បានចេញរបាយការណ៍ស្តីពី បំណុលដោយសម្ភាសន៍តែ កម្មករ កម្មការិនីប៉ុន្មានសិបនាក់ ហើយមិនដឹងថាជាអ្នកណា ពិតប្រាកដផង ក៏យកលទ្ធផលនោះមកផ្សាយព្រោងព្រាតដើម្បីបំពុលសង្គម។ ហើយបណ្តាញផ្សាយព័ត៌មានដែលជាដៃជើង របស់ខ្លួនក៏យករបាយការណ៍ នោះទៅបំពងសំឡេងយ៉ាងអឺងកង។ ប៉ុន្តែ ដល់ពេលអង្គការ Comfrel ស្ទង់មតិដែលមាន មនុស្សដល់ទៅជាង ១៣០០០ នាក់ចូលរួម បែរជាអះអាងថា គ្រាន់តែជាការបញ្ចេញមតិធម្មតា ទៅវិញ???
ជាការពិតណាស់ ក្រុមនេះ គឺជាប្រភេទក្រុមមនុស្សសង្គមងងឹត ដែលគេបង្កើតឡើងក្នុងគោលបំណងបំពុលសង្គម ដើម្បីផ្តួលរំលំរដ្ឋាភិបាលតែប៉ុណ្ណោះ។ ក្រុមនេះយកតែរបាយការណ៍ពីប្រភពងងឹតមកបំភាន់ភ្នែក ប្រជាពលរដ្ឋដើម្បីញុះញង់ឲ្យពលរដ្ឋខឹងសម្បាររដ្ឋាភិបាល។
នរណាក៏ដឹងដែរថា អង្គការ Comfrel ដឹកនាំដោយ គល់ បញ្ញា គឺជាស្ថាប័នស្ថិតនៅក្រោមរចនាសម្ព័ន្ធរបស់ក្រុមប្រឆាំង ដែលបង្កប់ខ្លួនក្នុងអង្គការសង្គម ស៊ីវិល។ កន្លងទៅអង្គការនេះ តែងបង្ករព្យុះភ្លៀងរឿងបោះឆ្នោតនៅកម្ពុជាឥតឈប់ឈរ ដើម្បីបង្ខូចបង្កាច់លទ្ធផលបោះឆ្នោត នៅពេលដែលក្រុមប្រឆាំងចាញ់។ គេនៅចាំបានថា គឺ Comfrel នេះហើយដែលប្រឌិតរឿងទឹកខ្មៅជ្រលក់ម្រាមដៃលាងជ្រះហើយគឺ Comfrel ដដែលនេះហើយដែលបានបង្កើតបន្ទប់ស្ថានការណ៍បោះឆ្នោត នៅក្រោយពេលក្រុមប្រឆាំងចាញ់ឆ្នោត ដើម្បីធ្វើវិទ្ធង្សនានយោបាយក្នុងប្រទេស។
ក្រោយពេលអាជ្ញាធរបកស្បែកមុខ មេដឹកនាំអង្គការនេះឈ្មោះ គល់ បញ្ញា ក៏រត់ទៅក្រៅប្រទេសហើយតាំងពីពេលនោះមក Comfrel ក៍លែងជាអង្គការដែលធ្វើការរឿងបោះឆ្នោតទៀតហើយ តែបានក្លាយជាស្ថាប័នពហុជំនាញខាងប្រឆាំង និងញុះញង់គ្រប់បញ្ហា។
ជារួម ការមិនយកលទ្ធផលដែល មានអ្នកចូលរួមរាប់ម៉ឺននាក់ទៅផ្សព្វផ្សាយពិត ជាបានឆ្លុះបញ្ចាំងឲ្យឃើញថា អង្គការនេះមិនបានគោរពឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយវាក៍កាន់តែធ្វើឲ្យមហាជនខ្មែរ បានមើលឃើញកាន់តែច្បាស់អំពីចរិតពិសពុល របស់អង្គការក្រៅរដ្ឋាភិបាលមួយនេះ ក៏ដូចជាអង្គការដែលជាគូកន មួយចំនួនទៀតដែលគ្រាន់តែ យកឈ្មោះអង្គការសង្គមស៊ីវិល មកបិទបាំងដើម្បីបំរើមហិច្ឆតានយោបាយរបស់ក្រុមប្រឆាំង និងបម្រើឲ្យភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយបរទេស ដែលបានបង្កើតនិងចិញ្ជឹមពួកខ្លួនតែប៉ុណ្ណោះ។
ទោះបីជា Comfrel មិនផ្សាយរបាយការណ៍នោះក៏ដោយ ក៏ប៉ុន្តែមហាជនទូទៅបានដឹង និងបានឃើញលទ្ធផលនេះរួចអស់ទៅហើយ។ ទង្វើរបស់ Comfrel បែបនេះ ក៏ជាទឡ្ហីករណ៍មួយទៀតដែលបញ្ជាក់ថា ចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលទៅលើបុគ្គលទុច្ចរិតមួយចំនួន ដែលជ្រកក្រោមស្លាកសង្គមស៊ីវិល
ឬសារព័ត៌មាន គឺជារឿងត្រឹមត្រូវ ដូចជាករណី រ៉ុង ឈុន នេះជាដើម។
លទ្ធផលនៃការស្ទង់មតិនេះក៏ជាកញ្ចក់ឆ្លុះបញ្ចាំងអោយពលរដ្ឋខ្មែរ បានស្គាល់មុខមាត់ និងក្រយ៉ៅពិតប្រាកដ របស់អង្គការសង្គមស៊ីវិល មួយចំនួនដែលតាំងខ្លួនថា«ឯករាជ្យ»។
ម៉្យាងវីញទៀត លទ្ធផលស្ទង់មតិនេះក៏ជាសារមួយយ៉ាងច្បាស់លាស់ថា ពីពេលនេះតទៅពលរដ្ឋខ្មែរកាន់តែមានជំនឿចិត្ត ទៅលើរដ្ឋាភិបាល និងចេះបែងចែករវាងអំពើល្អ និងអំពើអាក្រក់ដោយមិនចាញ់បោកគេងាយៗដូចមុនៗទៀតឡើយ។ សារចុងក្រោយដ៏ច្បាស់លាស់បំផុតមួយទៀតគឺ «អង្គការ Comfrel អស់លក្ខណ៍ត្រឹមមិនព្រមយកលទ្ធផលស្ទង់មតិនេះ មកធ្វើជារបាយការណ៍របស់ខ្លួនឡើយ»៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ