(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ឯក ទ្បាយ គឹម លី នាយកខុន្ទកាល័យនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាល និងផ្តល់អំណោយមួយចំនួនជូនដល់ប្រជាការពារក្រុងប៉ោយប៉ែត។
នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាការពារភូមិសង្កាត់ប៉ោយប៉ែត ក៏មានការចូលរួមពីលោក សិទ្ធ ទ្បោះ ស្នងការរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាការពារជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះផងដែរ លោក គាត ហ៊ុល បានរាយការណ៍ថា សម្រាប់ក្រុងប៉ោយប៉ែត អាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសណ្តាប់ឆ្នាប់សាធារណៈក្នុងមូលដ្ឋានបានជាប្រចាំ បង្ក្រាបរាល់បទល្មើសទាំងទ្បាយ និងអនុវត្តបានទាន់
សភាពការណ៍ធ្វើឲ្យពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿទុកចិត្តចំពោះអាជ្ញាធរដែនដី។
ក្នុងឱកាសនោះ លោក ទ្បាយ គឹម លី បានថ្លែងអំណរគុណចំពោះអាជ្ញាធរក្រុងប៉ោយប៉ែត ដែលបាខិតខំយកចិត្តទុកដាក់ជាមួយពលរដ្ឋ ការស្ថាបនា ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងផ្តាំផ្ញើប្រជាការពារត្រូវខិតខំយក
ចិត្តទុកដាក់អនុវត្តបន្តជាមួយនិងពលរដ្ឋការទប់ស្កាត់បញ្ហារផេ្សងៗ ដូចជាបងធំ បងតូច ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន និងអនុវត្តពង្រឹងច្បាប់គោលនយោបាយភូមិឃុំមានប្រសិទ្ធភាពខ្ពស់ និងគោរពតាមបទបញ្ជារតាមការណែនាំរបស់
អាជ្ញាធរក្រុង និងច្បាប់របស់ថ្នាក់លើ ដែលបានដាក់ចេញ ហើយបងប្អូនត្រូវដើរឲ្យឆ្ងាយពីគ្រឿងញៀន កុំមានការពាក់ព័ន្ធ និងគ្រឿងញៀន។ បើយើងមានការពាក់ព័ន្ធនិងគ្រឿងញៀន នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាប់គុក និងស្លាប់បាត់បងជីវិតទៀតផង។
ក្រោយពីការផ្តាំផ្ញើរួចក្រុមក្រុមការងាររបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ២ម៉ឺនរៀលយកមកចែកជូនប្រជាការពារចំនួន២០៦នាក់ផងដែរ៕