(បន្ទាយមានជ័យ)៖ ប្រជាការពារភូមិនៅក្រុងប៉ោយប៉ែតចំនួន១០០នាក់ រស់នៅក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីលោក ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, លោក គឹង វណ្ណៈ ប្រធានក្រុមការងារគណបក្សចុះជួយក្រុងប៉ោយប៉ែត និងជាអភិបាលរងខេត្ត និងលោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារជាច្រើននាក់ទៀត។

អំណោយដែលប្រជាការពារទទួលបានរួមមាន៖ អាល់កុលចំនួន២កាដុងធំ ព្រមទាំងអំណោយចែកមានក្នុងម្នាក់ទទួលបានអង្ករ២០គីឡូក្រាម មី១កេះតូច ទឹកស៊ីអីវ ៣ដប ទឹកត្រីថៃ ៣ដប ក្រមា១ ម៉ាស ១០សន្លឹក និងថវិកា២ម៉ឺនរៀល នៅព្រឹកទី១៦ ខែសីហា ឆ្នាំ២០២០។

លោក គឹង វណ្ណៈ បានប្រាប់ឲ្យដឹងថា ដោយប្រជាការពារភូមិសព្វថ្ងៃនេះ កំពុងជួបការលំបាកជីវភាពក្នុងកំលុង នៃការរីករាលដាលជំងឺកូវីដ១៩ លោក និងក្រុមការងារបាននាំអំណោយយកមកប្រគល់ជូនដើម្បិជួយកាត់បន្ថយបានខ្លះ។

លោកបានពាំនាំការនឹករលឹក និងសាកសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំជាច្រើនទៀតផងដែរ។

ក្នុងនោះប្រជាការពារទាំង១០០នាក់ បានថ្លែងអំណរគុណដល់លោក គឹង វណ្ណៈ លោក ឌូ ដាលីតូ និងលោក សាន ស៊ានហូ ដែលបានបរិច្ចាគធនធាន ថវិកាផ្ទាល់ខ្លួនសម្រាប់ធ្វើជាអំណោយយកមកចែកជូនដល់ពួកគាត់ ដែលកំពុងជួបការលំបាកជីវភាពក្នុងកំលុងការរីករាលដាលជំងឺកូវីដ១៩នេះ៕