(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែសីហានេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩-២៥ ខែសីហា ឆ្នាំ ២០២០។
ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសឡាវ និងវៀតណាម។
ខណៈនោះ ក៏មានវិសម្ពាធទាប មួយបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលអាចវិវត្តទៅជាព្យុះទី៧។ ព្យុះនេះ នឹងរលាយពេលដើរចូលដល់លើភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី ២០ ខែសីហា។ ស្ថានភាពបែបនេះធ្វើឱ្យ៖
១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
- សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C
បណ្ដាខេត្តនៅភាគកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក បណ្តាខេត្តដទៃទៀតអាចមានភ្លៀងពីខ្សោយទៅបង្គួរ។
២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមាមានពី ១៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងនោះ ផ្នែកមួយចំនួន នៃបណ្ដាខេត្តជាប់តំបន់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ខ្លាំង។
៣៖ បន្ទាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាមានពី ២៦-២៨°C
* សីតុណ្ហភាពអតិបរមាមានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន។ បណ្ដាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែក សូមប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ច្រើនជាប់បន្តចាប់ពីថ្ងៃទី ២២-២៤ ខែសីហា៕