(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ លោកបណ្ឌិត ហែម ថេង បានក្រើនរំឮកដល់ក្រុមការងារត្រូវដោះស្រាយបញ្ហាចំពោះលើការចុះឈ្មោះ ការផ្តល់បណ្ណក្រីក្រឱ្យចំគោលដៅ និងមានតម្លាភាពជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់បណ្ណនេះ កុំប្រើមនោសញ្ចេតនា ត្រូវធ្វើតាមលក្ខខណ្ឌជារូបមន្តដែលរាជរដ្ឋាភិបាលបានកំណត់ទើបត្រឹមត្រូវល្អ ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩។
ការក្រើនរំឮកបែបនេះ របស់លោកបណ្ឌិត ហែម ថេង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការបក្សឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីសំណាក់លោកប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានតាមបណ្តាភូមិទាំង១០ នៃឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ប្រធានបក្សស្រុកបាណន់ បក្សឃុំភ្នំសំពៅ និងបក្សភូមិមួយចំនួនរួមផងដែរ។
លោកបណ្ឌិត ហែម ថេង បានក្រើនរំឮកយ៉ាងដូច្នេះថា៖ «បញ្ហាដែលក្រុមការងារយើងកំពុងដោះស្រាយ ចំពោះមុខបច្ចុប្បន្ន គឺមានការចុះឈ្មោះនិងផ្តល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋឱ្យចំគោលដៅ និងមានតម្លាភាព ការផ្តល់បណ្ណនេះ គឺកុំប្រើមនោសញ្ចេតនាទេ ត្រូវធ្វើតាមលក្ខខណ្ឌជារូបមន្តដែលរាជរដ្ឋាភិបាលបានកំណត់រួចហើយទើបបានត្រឹមត្រូវល្អ។
លោកបណ្ឌិត ហែម ថេង បានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវចេះទទួលស្គាល់ចំណុចខ្វះខាតនូវកំហុសរបស់ខ្លួនហើយត្រូវចេះកែខ្លួន កែទម្លាប់ចាស់ ដូរមកទម្លាប់ថ្មីល្អប្រសើរឡើងវិញ ទើបក្លាយជាអ្នកដឹកនាំ និងជាអ្នកបម្រើពលរដ្ឋបានល្អ តទៅអនាគតផងដែរ។
បន្ថែមពីនេះ លោកបណ្ឌិត ក៏បានក្រើនរំឮកដល់ប្រជាពលរដ្ឋ សមាជិក សមាជិកាទាំងអស់មិនត្រូវភ្លេចការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ សងជំនួសថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
លោកបណ្ឌិត ហែម ថេង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំថ្នាក់កណ្តាល ប្រធាន អនុប្រធានសមាជិក សមាជិកា បក្សស្រុក ឃុំ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ដើម្បីបម្រើការបក្សប្រជាជន ពិសេសបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងឃុំភ្នំសំពៅកន្លងមក ដើម្បីឱ្យការងារមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ថ្នាក់លើបានកែសម្រួលរចនាសម្ព័ន្ធថ្នាក់ដឹកនាំក្រុមការងារថ្មី នៅតាមភូមិ
ទាំង១០ ក្នុងឃុំ។
ប្រធានក្រុមការងាររូបនេះ បានបន្តថា ប្រជាពលរដ្ឋឃុំភ្នំសំពៅ មានហេដ្ឋារចនាសម្ព័ន្ធកសាងគ្រប់គ្រាន់ហើយ ខ្វះតែទឹកធ្វើ
ស្រែប៉ុណ្ណោះ ដោយសារតែភ្លៀងធ្លាក់មិនគ្រប់គ្រាន់ និងទឹកប្រឡាយមេហូរមកមិនដល់ ទើបធ្វើឱ្យមានការខ្វះខាតទឹកដាក់ស្រែមួយ
ចំនួន តែទោះជាយ៉ាងណាក្នុងនាមក្រុមការងារត្រូវតែដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋតាមក្រោយឱ្យបានឆាប់ៗនេះ។
លោកបានបន្ថែមថា ក្នុងនាមក្រុមការងារចុះតាមបណ្តាភូមិនានាក្នុងឃុំសំពៅ ត្រូវតែចុះតាមខ្នងផ្ទះ ដើម្បីក្តាប់ឱ្យបានគ្រប់ខ្នងផ្ទះ
ស្គាល់ប្រជាពលរដ្ឋឱ្យបានច្បាស់ ស្តាប់ពីការលំបាក សំណូមពររបស់គាត់ ដើម្បីយកដោះស្រាយជូនគាត់តាមសេចក្តីត្រូវការ និងដើម្បី
ឱ្យពួកគាត់មានការស្រឡាញ់ចូលចិត្ត និងគាំទ្រដល់ក្រុមការងារ ជាពិសេសគណបក្សប្រជាជនត្រូវបម្រើពួកគាត់បានទាន់ពេលវេលា។
ស្ថិតនៅក្នុុងឱកាសនោះដែរ ក្រុមការងារបានផ្តល់ថវិកា សម្រាប់ស្តាប្រឡាយបង្ហូរទឹកចំនួន២ខ្សែ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់៥ភូមិ ដាក់លូ១៨កង់ អស់ទឹកប្រាក់៥លាន ៤សែនរៀល, ឧបត្ថមថវិកាដល់ក្រុមប្រឹក្សាស្រុក២នាក់ចំនួន៤០ម៉ឺនរៀល និងក្រុមប្រឹក្សាឃុំចូលរួម២លានរៀល ក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល៕