(ភ្នំពេញ)៖ លោក ជុំ កុសល ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានកោតសរសើរជនបរទេស ១គ្រួសារ ដែលថតរួមគ្នាដោយស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ។
តាមរយៈ Facebook នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ, លោក ជុំ កុសល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាសូមអរគុណណាស់ចំពោះលោកនិងភរិយា ដែលជាជនជាតិបរទេស តែបែរជាមានចិត្តស្រលាញ់ប្រទេសខ្ញុំ វប្បធម៌ខ្ញុំ ទំនៀមទម្លាប់ប្រពៃណីខ្ញុំ និងបានជួយលើកស្ទួយថែមទៀត»។
ទីប្រឹក្សានាយករដ្ឋមន្ត្រីរូបនេះ បានបន្តថា «ប្រសិនបើពលរដ្ឋដើមកំណើតរបស់ខ្ញុំគ្រប់គ្នាមានទឹកចិត្តដូចគ្រួសាររបស់លោកបែបនេះ ជាតិខ្ញុំប្រាកដជាខ្ពង់ខ្ពស់ជាងនេះឆ្ងាយណាស់»។
លោក ជុំ កុសល ថែមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យយកគម្រូតាមជនបរទេស ១គ្រួសារនេះ ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ។
តាមរយ:សម្លៀកបំពាក់ប្រពៃណីខ្មែរដ៏សមសួននេះ លោកសង្ឃឹមថា ក្រោយពីប្រជាពលរដ្ឋខ្មែរបានឃើញហើយ ប្រាកដជាធ្វើឲ្យគាត់បង្កើនការស្រលាញ់វប្បធម៌ ទំនៀមទម្លាប់ជាតិឯងទ្វេដងឡើង៕